ជនជាតិរុស្ស៊ី ២ នាក់ ចែវទូកចូលកាន់កោះមួយរបស់ រដ្ឋ Alaska សហរដ្ឋអាម៉េរិក ដើម្បីសុំសិទ្ធិជ្រកកោននៅប្រទេសនេះ។
«ពលរដ្ឋរុស្ស៊ី ២ នាក់ ចូលចតនៅឆ្នេរសមុទ្រមួយ ក្បែរតំបន់ Gambell ភាគខាងលិចនៃកោះ St. Lawrence របស់រដ្ឋ Alaska និងស្នើសុំសិទ្ធិជ្រកកោននៅ សហរដ្ឋអាម៉េរិក» តំណាងរាស្ត្រ ២ រូបនៅសភាជាន់ខ្ពស់អាម៉េរិក គឺ Lisa Murkowski និង Dan Sullivan ឱ្យដឹងនៅក្នុងប្រកាសរួមមួយកាលពីថ្ងៃទី ០៦ តុលា។ ទីតាំងដែលពលរដ្ឋរុស្ស៊ី ចូលចត មានចម្ងាយពីតំបន់ចុងបូព៌ារបស់ រុស្ស៊ី តែប៉ុន្មានសិបគីឡូម៉ែត្រប៉ុណ្ណោះ។
អ្នកនាំពាក្យមួយរូបរបស់ ក្រសួងសន្តិសុខផ្ទៃក្នុងអាម៉េរិក បានឱ្យដឹងថា ពលរដ្ឋរុស្ស៊ី ២ នាក់នេះ ចែវទូកមួយគ្រឿង មកកាន់ សហរដ្ឋអាម៉េរិក ប៉ុន្តែ អត្តសញ្ញាណរបស់ពលរដ្ឋទាំងនេះមិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ។ «ករណីរបស់ពួកគេកំពុងត្រូវបានពិនិត្យទៅតាមច្បាប់របស់ សហរដ្ឋអាម៉េរិក» អ្នកនាំពាក្យរូបនេះបន្ថែមដូច្នេះ។
តំណាងរាស្ត្រ Sullivan យល់ថា ករណីខាងលើបង្ហាញថា «ជនជាតិរុស្ស៊ី មិនចង់ចូលរួមយុទ្ធនាការធ្វើសង្គ្រាមនៅ អ៊ុយក្រែន របស់លោក ពូទីន»។ រុស្ស៊ី មិនទាន់មានប្រតិកម្មអ្វីទៅនឹងព័ត៌មាននេះនៅឡើយ។