សហរដ្ឋអាម៉េរិក-កូរ៉េខាងត្បូង ធ្វើសមយុទ្ធជើងទឹករួមដោយមានការចូលរួមរបស់នាវាផ្ទុកយន្តហោះចម្បាំង Ronald Reagan នៅសមុទ្រឧបទ្វីបកូរ៉េ បន្ទាប់ពីការបាញ់សាកល្បងមីស៊ីជាច្រើនលើករបស់ ទីក្រុងព្យុងយ៉ាង នាពេលថ្មីៗនេះ។
ក្រុមប្រឹក្សានៃសេនាធិការដ្ឋានចម្រុះកូរ៉េខាងត្បូង (JCS) ថ្ងៃនេះបានប្រកាសបើកសមយុទ្ធជើងទឹករួមជាមួយ សហរដ្ឋអាម៉េរិក នៅលើសមុទ្រភាគខាងកើតប្រទេសនេះ។ នាវាចម្បាំងកូរ៉េខាងត្បូង នឹងអនុវត្តខ្លឹមសារសមយុទ្ធជាមួយក្រុមប្រយុទ្ធនាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan របស់ សហរដ្ឋអាម៉េរិក។
«យើងនឹងបន្តលើកកម្ពស់សមត្ថភាពប្រយុទ្ធ និងត្រៀមជាស្រេចសម្រាប់ការប្រយុទ្ធ តាមរយៈសមយុទ្ធរួមជាមួយនឹងក្រុមប្រយុទ្ធនាវាផ្ទុកយន្តហោះចម្បាំង USS Ronald Reagan ដើម្បីប្រតិកម្មនឹងសកម្មភាពបង្កហេតុរបស់ កូរ៉េខាងជើង» JCS បានឱ្យដឹងដូច្នេះ។
ក្រសួងការពារជាតិអាម៉េរិក និងក្រុមមន្ត្រីរបស់ កូរ៉េខាងជើង មិនទាន់មានប្រតិកម្មអ្វីនៅឡើយចំពោះព័ត៌មានខាងលើ។
កូរ៉េខាងជើង ថ្មីៗនេះ បានធ្វើការបាញ់ប្លោងមីស៊ីលជាបន្តបន្ទាប់។ ប្រទេសនេះកាលពីព្រឹកម្សិលមិញបានបាញ់មីស៊ីលប្លោង ២ គ្រាប់ទៅកាន់សមុទ្រខាងកើត ដែលនេះក៏ជាការបាញ់មីស៊ីលលើកទី ៦ របស់ទីក្រុងព្យុងយ៉ាង ក្នុងរង្វង់ជាង ១០ ថ្ងៃកន្លងមក។ កាលពីម្សិលមិញ កូរ៉េខាងជើង ក៏បានបញ្ជូនយន្តហោះចម្បាំងជាង ១០ ចូលទៅធ្វើសមយុទ្ធក្នុងតំបន់ក្បែរព្រំដែនជាមួយ កូរ៉េខាងត្បូង ផងដែរ។
សហរដ្ឋអាម៉េរិក និង កូរ៉េខាងត្បូង ប៉ុន្មានសប្ដាហ៍កន្លងទៅនេះ បានបង្កើនការធ្វើសមយុទ្ធរួមគ្នា ដើម្បីកំញើញ កូរ៉េខាងជើង។ ទីក្រុងព្យុងយ៉ាង បានថ្កោលទោសថា នេះគឺជា «ការបង្កភាពតានតឹងនៅ ឧបទ្វីបកូរ៉េ៕