ថ្ងៃទី ០៦ តុលា មានករណីផ្ទុះអាវុធដ៏ឃោរឃៅមួយបានកើតឡើងនៅក្នុងមណ្ឌលកុមារមួយកន្លែងស្ថិតក្នុងស្រុក Na Klang ខេត្ត Nong Bua Lamphu ភាគខាងជើងប្រទេសថៃ បណ្ដាលឱ្យមនុស្សយ៉ាងតិច ៣៤ នាក់ បាត់បង់ជីវិត។
លោក Archon Kraitong អ្នកនាំពាក្យរបស់ប៉ូលិសថៃ ឱ្យដឹងថា យ៉ាងហោចណាស់មានអ្នកស្លាប់ចំនួន ៣៤ នាក់ ក្នុងនោះមានក្មេងចំនួន ២២ នាក់ នៅក្នុងអំពើបាញ់ប្រហារខាងលើ នេះបើតាម Reuters។
រូបភាព និងវីដេអូនៅកន្លែងកើតហេតុបង្ហាញថា មានសាកសពកុមារជាច្រើននាក់នៅក្នុងថ្នាក់រៀន។ ខាងក្រៅមណ្ឌលកុមារវិញ ក្រុមអាណាព្យាបាល និងសិស្សកំពុងតែស្រែកទ្រហោយំ ខណៈដែលរថយន្តសង្គ្រោះបន្ទាន់កំពុងមកដល់។
យោងតាមក្រុមមន្ត្រីថៃ ជនសង្ស័យមានឈ្មោះថា Panya Khamrap អាយុ ៣៤ ឆ្នាំ។ ជននេះត្រូវបានបណ្ដេញចេញពីជួរកងកម្លាំងប៉ូលិសកាលពីឆ្នាំ ២០២១ ដោយសារប្រើប្រាស់គ្រឿងញៀន។ ករណីបាញ់ប្រហារនេះកើតឡើងនៅម៉ោង ១២ កន្លះថ្ងៃនេះ មួយថ្ងៃមុនពេលជនសង្ស័យត្រូវឡើងតុលាការ។
អ្នកនាំពាក្យរដ្ឋាភិបាលថៃ ឱ្យដឹងថា នាយករដ្ឋមន្ត្រីប្រទេសនេះបានស្នើឱ្យគ្រប់ស្ថាប័នសមត្ថកិច្ច ធ្វើសកម្មភាពបន្ទាន់ដើម្បីចាប់ខ្លួនជនដៃដល់ក្នុងរយៈពេលខ្លីបំផុត។
ក្រោយពីបង្កហេតុ ជននេះបានបាញ់សម្លាប់ប្រពន្ធ កូន និងរត់គេចខ្លួនតាមរថយន្ត Vigo 4 ដែលមានស្លាកលេខចុះឈ្មោះនៅ Bangkok។
ក៏ប៉ុន្តែ ក្រោយមកទៀត សមត្ថកិច្ចថៃ ក៏បានប្រកាសថា ជនសង្ស័យ Panya Khamrap បានសម្លាប់ខ្លួនបន្ទាប់ពីរត់គេចពីប៉ូលិស។