Skip to content

អ្នកអវកាស​រុស្ស៊ី «ធ្វើ​ដំណើរ​ដោយ​សារ» យាន​អវកាស​ SpaceX ឡើង​ទៅ​កាន់ស្ថានីយ ISS

យាន​អវកាស​ Dragon Endurance ដឹកក្រុម​​អ្នក​ដំណើរ​ Crew-5 ហោះ​ឡើង​​តាម​រយៈ​កាំជ្រួច​ Falcon 9 ដែល​បាញ់​ចេញ​ពី​ប្រព័ន្ធ​បាញ់​បង្ហោះ 39A នៅ​មជ្ឈមណ្ឌល​អវកាស Kennedy របស់ ណាសា កាល​ពី​ម៉ោង ២៣ ថ្ងៃទី ០៥ តុលា (ម៉ោង​នៅ កម្ពុជា)​។

យាន​អវកាស​របស់ SpaceX ចាប់​ផ្ដើម​ជើង​ហោះ​ហើរ​ ២៩ ម៉ោង ទៅកាន់​ស្ថានីយ​អវកាស​នៅ​លើ​គន្លង​គោចរ​ផែនដី​។ អវកាស​ចរ​ ៤ នាក់ រួម​មាន Nicole Mann និង Josh Cassada របស់ ណាសា, អ្នក​អវកាស​ជនជាតិ​ជប៉ុន Koichi Wakata និង​អ្នក​អវកាសរុស្ស៊ី​ Anna Kikina។

ជើង​ហោះ​ហើរ​នេះ​បាន​ធ្វើ​ឱ្យ​ Mann ក្លាយ​ជា​ស្ត្រី​ជន​ជាតិ​ដើម​ភាគ​តិច​របស់ សហរដ្ឋ​អាម៉េរិក ដំបូង​គេ​ ដែល​ហោះ​​ឡើង​ទៅ​កាន់ស្ថានីយអវកាស​អន្តរជាតិ (ISS) និង Kikina ក្លាយ​ជា​អ្នក​អវកាស​រុស្ស៊ី​ ដំបូង​ ដែល​ហោះ​ទៅ​កាន់​ទីអវកាស​តាម​រយៈ​យានអវកាស​​ឯកជន​របស់ សហរដ្ឋ​អាម៉េរិក​។

ប្រហែល ៩.៥ នាទី​ បន្ទាប់​ពី​បាន​បាញ់​បង្ហោះ កំណាត់​ដំបូង​របស់​រ៉ុក្កែត Falcon 9 បាន​ចុះ​ចត​នៅ​លើ Just Read the Instructions ដែល​ជា​ស្រឡាង​គ្មាន​មនុស្ស​បើកបរ​របស់ SpaceX ចត​នៅ​លើ​មហា​សមុទ្រ​អាត្លង់ទិច ក្នុង​ដែន​ទឹក​របស់​ រដ្ឋ Florida សហរដ្ឋ​អាម៉េរិក​។ នេះ​គឺជា​ការ​ចុះ​ចត​ដំបូង​របស់​កំណាត់​រុញ​ច្រាន​នេះ​។

ក្រោយ​ការ​ហោះ​ឡើង​បាន​ ២ នាទី និង ៤០ វិនាទី ម៉ាស៊ីន​រ៉ុក្កែត​បាន​ផ្អាក​ដំណើរ​ការ​។ កំណាត់​​លើ​របស់ Falcon 9 បាន​ផ្ដាច់​ខ្លួន​ពី​កំណាត់​ដំបូង​។ ២០ នាទី​ក្រោយ​មក យាន​ Dragon Endurance បាន​ផ្ដាច់​ខ្លួន​ពី​កំណាត់​លើ​ដូច​ការ​គ្រោង​ទុក​ និង​ចាប់​ផ្ដើម​ដេញ​តាម​ ISS។

តាម​ផែនការ យាន​ Dragon Endurance នឹង​ភ្ជាប់​ខ្លួន​ទៅ​នឹង​ ISS មុន​ម៉ោង​ ៤ ព្រឹក​ថ្ងៃទី ០៧ តុលា​។ ក្រុម​អ្នក​អវកាស​នៅ​លើ​យាន​​នេះ​នឹង​រស់​នៅ​លើ​ ISS ក្នុង​រយៈ​ពេល ៥ ខែ​ និង​ធ្វើ​ការ​ពិសោធ​ផ្នែក​វិទ្យា​សាស្ត្រ​ រួម​នឹង​ការ​ងារ​ជា​ច្រើន​ផ្សេង​ទៀត​។

បច្ចុប្បន្ន ISS មាន​អ្នក​អវកាស​ចំនួន ៧ នាក់ ហើយ​នៅ​ពេល​ក្រុម​​អវកាសចរ​ថ្មីបាន​​ចូល​​ទៅ​ដល់ ស្ថានីយ​អវកាស​អន្តរ​ជាតិ​​នេះ​នឹង​មាន​អ្នក​ធ្វើ​ការ​សរុប​ ១១ នាក់​៕

Leave a Reply

Your email address will not be published. Required fields are marked *