វិមានក្រឹមឡាំង សាទរចំពោះមហាសេដ្ឋីអាម៉េរិកដើមកំណើតអាហ្វ្រិកខាងត្បូង លោក អ៊ីឡុន ម៉ាស ដែលបានលើកសំណើសម្រាប់សន្តិភាពដើម្បីបញ្ចប់សង្គ្រាមរវាង រុស្ស៊ី និង អ៊ុយក្រែន បន្ទាប់ពី ទីក្រុងកៀវ រិះគន់គំនិតនេះ។
«ពិតជារឿងល្អ នៅពេលបុរសម្នាក់ដូចលោក អ៊ីឡុន ម៉ាស (Elon Musk) កំពុងស្វែងរកដំណោះស្រាយសន្តិភាព» អ្នកនាំពាក្យរបស់ វិមានក្រឹមឡាំង Dmitry Peskov និយាយដូច្នេះកាលពីថ្ងៃទី ០៤ តុលា។
«ខុសពីអ្នកការទូតអាជីពជាច្រើនរូប លោក អ៊ីឡុន ម៉ាស កំពុងស្វែងរកវិធីដើម្បីសម្រេចបានសន្តិភាព។ ការសម្រេចបានសន្តិភាពដោយមិនឆ្លើយតបតាមលក្ខខណ្ឌរបស់ រុស្ស៊ី គឺជាប្រការមិនអាចទៅរួច» លោក Peskov បន្ថែម។
លោក អ៊ីឡុន ម៉ាស កាលពីថ្ងៃទី ០៣ តុលា បានបង្ហោះលើ Twitter នូវសំណើមួយដែលស្នើឱ្យ អ៊ុយក្រែន ទទួលស្គាល់ថា គ្រីមៀ គឺជាទឹកដីរបស់ រុស្ស៊ី និងធ្វើប្រជាមតិឡើងវិញក្រោមការគ្រប់គ្រងរបស់ អង្គការសហប្រជាជាតិ នៅក្នុង ៤ តំបន់របស់ អ៊ុយក្រែន ដែល រុស្ស៊ី ទើបតែបានរឹបអូស ហើយ ទីក្រុងកៀវ ត្រូវតែរក្សាអព្យាក្រឹតភាព។ លោក ម៉ាស ក៏បានអំពាវនាវដល់អ្នកលេងបណ្ដាញសង្គមឱ្យចូលរួមបោះឆ្នោតសម្រាប់សំណើរបស់លោក ដោយការជ្រើសរើសយក «យល់ព្រម» ឬ «ប្រឆាំង»។
សំណើរបស់មហាសេដ្ឋី អ៊ីឡុន ម៉ាស ត្រូវបានក្រុមមន្ត្រីរបស់ អ៊ុយក្រែន និងអ្នកការទូតជាច្រើនរិះគន់យ៉ាងខ្លាំងក្លា។ គិតមកដល់ថ្ងៃទី ០៤ តុលា សំណើរបស់ អ៊ីឡុន ម៉ាស ទទួលបានការចូលរួមបោះឆ្នោតជ្រើសរើសប្រមាណ ២.៥ លានលើក ក្នុងនោះមាន ៦៩% ប្រឆាំង៕