ជំនួយការរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក បានអះអាងថា រុស្ស៊ី ប្រឈមមុខនឹងហានិភ័យបរាជ័យធំ នៅពេលត្រូវបាន អ៊ុយក្រែន វាយខ្ទាតចេញពីឆ្នេរខាងលិចនៃទន្លេ Dnieper។
នៅក្នុងព្រឹត្តិការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) កាលពីថ្ងៃទី ០៣ តុលា Celeste Wallander ជំនួយការរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិអាម៉េរិក ទទួលបន្ទុកសន្តិសុខអន្តរជាតិ អះអាងថា អ៊ុយក្រែន កំពុងតែស្ថិតនៅលើឈ្នាន់រុញច្រានកងកម្លាំងរបស់ រុស្ស៊ី នៅឆ្នេរខាងលិចរបស់ទន្លេ Dnieper។
«នោះនឹងជាបរាជ័យធំចំពោះ រុស្ស៊ី ព្រោះថា ប្រការនេះនឹងកាន់តែរាំងស្ទះដល់ការគ្រប់គ្រងរបស់ រុស្ស៊ី នៅ Odessa ដែលជាគោលដៅមួយក្នុងចំណោមគោលដៅដែលពួកគេបានដាក់ចេញកាលពីដើមឆ្នាំនេះ។ អ៊ុយក្រែន មានទីតាំងការពារបន្ថែមដើម្បីទប់ទល់នឹងការវាយប្រហារខ្លាំងក្លាដែលគ្រោងនឹងកើតឡើងនៅក្នុងរដូវរងា» លោកស្រី Wallander បន្ថែមដូច្នេះ និងបានអំពាវនាវដល់ សហរដ្ឋអាម៉េរិក និងសហគមន៍អន្តរជាតិបន្តជួយដល់ អ៊ុយក្រែន។
ភាគីខាងរុស្ស៊ី មិនទាន់មានការអធិប្បាយអ្វីឆ្លើយតបនឹងមតិរបស់លោកស្រី Wallander នៅឡើយ។ បច្ចុប្បន្ន ទីក្រុងមូស្គូ គ្រប់គ្រងទឹកដីស្ទើរតែទាំងអស់នៅ Kherson និងបានប្រកាសច្របាច់បញ្ចូលខេត្តនេះទៅក្នុងទឹកដីរុស្ស៊ី រួចហើយ។
មតិរបស់លោកស្រី Wallander ត្រូវបានលើកឡើងបន្ទាប់ពីមានព័ត៌មានថា អ៊ុយក្រែន បានបើកការវាយប្រហារនៅក្នុងខេត្ត Kherson ក្នុងនោះមានអង្គភាពមួយបានវាយបំបែកខ្សែការពារ និងបានរុលទៅជ្រៅតាមបណ្ដោយទន្លេ Dnieper ឆ្ពោះទៅកាន់ Dudchany។
ការវាយប្រហារនៅក្នុងខេត្ត Kherson របស់ កងកម្លាំងអ៊ុយក្រែន ត្រូវបានធ្វើឡើងក្នុងគ្រាដែលតំបន់ Donbass កំពុងមានការប្រយុទ្ធគ្នាយ៉ាងសាហាវ។