បំណែកដែលកើតចេញពីករណីបុកទង្គិចជាមួយយានអវកាស DART របស់ ទីភ្នាក់ងារអវកាសអាម៉េរិក ណាសា បានធ្វើឱ្យអាចម៍ផ្កាយ Dimorphos កើតមានកន្ទុយវែងដូចទៅនឹងផ្កាយដុះកន្ទុយ។
ក្រោយពី ណាសា បានបញ្ជាឱ្យយានអវកាស DART ហោះទៅបុកដើម្បីបង្វែរទិសដៅរបស់អាចម៍ផ្កាយ Dimorphos កែវយឺតអវកាស និងកែវយឺតនៅលើដី បានឆ្លុះឃើញកន្ទុយដ៏វែងដែលកើតឡើងពីបំណែក និងធូលីដែលក្រុមតារាវិទូហៅថា ejecta។
ការសង្កេតមើលតាមកែវយឺតក្រោយមកក៏បានបង្ហាញថា ធូលីនៅជុំវិញអាចម៍ផ្កាយ Dimorphos ត្រូវបានខ្យល់ព្រះអាទិត្យកួចចេញឆ្ងាយ បង្កើតបានជាកន្ទុយដ៏វែងដូចទៅនឹងផ្កាយដុះកន្ទុយ។
DART ដែលជាបេសកកម្មពិសោធន៍ក្នុងការបង្វែរទិសដៅរបស់អាចម៍ផ្កាយ ត្រូវបានបង្កើតឡើងដើម្បីឱ្យដឹងថា តើការបាញ់យានអវកាសពីផែនដី ហោះសំដៅទៅបុកអាចម៍ផ្កាយជាគោលដៅ អាចកែប្រែគន្លងគោចររបស់វា ឬអត់។ ក្នុងអនាគត បេសកកម្មបែបនេះនឹងជួយឱ្យផែនដីអាចគេចផុតពីការប៉ះទង្គិចជាមួយដុំថ្មអវកាស ឬផ្កាយដុះកន្ទុយ នាំមកនូវសុវត្ថិភាពសម្រាប់មនុស្សលោក៕