ស្នងការប៉ូលិសក្រុង Malang រួមនឹងមន្ត្រីប៉ូលិស ៩ នាក់ទៀត ត្រូវបានដកហូតតំណែង ខណៈប៉ូលិស ១៨ នាក់ផ្សេងទៀតត្រូវបានស៊ើបអង្កេត ក្រោយពីកើតមានហេតុការណ៍រត់ជាន់គ្នាស្លាប់ ១២៥ នាក់ នៅឯកីឡដ្ឋានបាល់ទាត់នៅ ឥណ្ឌូណេស៊ី។
អ្នកនាំពាក្យស្ថាប័នប៉ូលិសជាតិរបស់ ឥណ្ឌូណេស៊ី Dedy Pradsetyo កាលពីថ្ងៃទី ០៣ តុលា បានឱ្យដឹងថា Ferli Hidayat ស្នងការប៉ូលិសក្រុង Malang រួមនឹងសមាជិក ៩ នាក់របស់កងពលតូចប៉ូលិសពិសេស ត្រូវបានដកហូតតំណែង និងអាចបណ្ដេញពីការងារក្នុងពេលខាងមុខ ក្រោយពីកើតមានហេតុការណ៍រត់ជាន់ជើងគ្នាដ៏មហារន្ធត់នៅឯកីឡដ្ឋានរបស់ទីក្រុងនេះកាលពីថ្ងៃទី ០១ តុលា ២០២២។
ចំណែកមន្ត្រីប៉ូលិស ១៨ នាក់ផ្សេងទៀត ចាប់ពីតំណែងមធ្យមដល់ខ្ពស់ ដែលទាក់ទិននឹងការសម្រេចឱ្យបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែកលើហ្វូងមនុស្សក្នុងទីលានបាល់ទាត់ ក៏កំពុងត្រូវបានស៊ើបអង្កេត នេះបើតាមលោក Prasetyo។
ការសម្រេចចិត្តខាងលើត្រូវបានធ្វើឡើងបន្ទាប់ពី ឥណ្ឌូណេស៊ី បានឆ្លងកាត់ហេតុការណ៍មួយដែលមានមនុស្សស្លាប់លើទីលានបាល់ទាត់ច្រើនបំផុតក្នុងពិភពលោក។ ករណីរត់ជាន់គ្នាកើតឡើងកាលពីព្រលប់ថ្ងៃទី ០១ តុលា ២០២២ នៅឯកីឡដ្ឋាន Kanjuruhan ក្នុងទីក្រុង Malang ស្ថិតនៅលើកោះ Java បានបណ្ដាលឱ្យមនុស្ស ១២៥ នាក់បាត់បង់ជីវិត និង ៣២៣ នាក់រងរបួស។
សាក្សីនៅកន្លែងកើតហេតុបានឱ្យដឹងថា មនុស្សរាប់ពាន់នាក់ក្នុងចំណោមអ្នកគាំទ្រប្រមាណ ៤២,០០០ នាក់ ដែលកំពុងខឹងខ្លាំង បានចុះទៅលើទីលានប្រកួតបាល់ទាត់ ក្រោយពីក្រុមម្ចាស់ផ្ទះ Arema ចាញ់ការប្រកួត ៣ ទល់នឹង ២ ដែលជាការបរាជ័យដំបូងនៅលើទីលានម្ចាស់ផ្ទះ នៅចំពោះមុខក្រុម Persebaya ក្រោយរយៈពេល ២៣ ឆ្នាំ។ ទស្សនិកជនមួយចំនួនបានគប់ដប និងវត្ថុផ្សេងៗទៅលើកីឡាករ និងមន្ត្រីនៅកីឡដ្ឋាន។ រថយន្តប៉ូលិសយ៉ាងតិច ៥ គ្រឿងត្រូវក្រឡាប់ និងត្រូវដុតបំផ្លាញនៅខាងក្រៅទីលាន។
ករណីស្លាប់ស្ទើរតែទាំងអស់ កើតឡើងនៅពេលក្រុមប៉ូលិសប្រឆាំងកុបកម្មបាញ់គ្រាប់បែកផ្សែងបង្ហូរទឹកភ្នែកដើម្បីបង្ក្រាបហ្វូងមនុស្សទាំងនៅលើទីលាន ទាំងនៅកន្លែងសម្រាប់ទស្សនិកជន បណ្ដាលឱ្យមានការរត់ជន់គ្នានៅច្រកចេញចូល៕