ក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិន បានបញ្ចប់ការហោះហើរសាកល្បងសំខាន់ចុងក្រោយចំពោះយន្តហោះពន្លត់អគ្គិភ័យ AG600M និងទទួលបានការបញ្ជាទិញដំបូង។
យន្តហោះពន្លត់អគ្គិភ័យ AG600M ដែលផលិតឡើងដោយក្រុមហ៊ុនឧស្សាហកម្មអាកាសចរណ៍ចិន (AVIC) បានទទួលជោគជ័យក្នុងការហោះហើរសាកល្បងសំខាន់របស់ខ្លួន និងទទួលបានការបញ្ជាទិញដំបូងកាលពីសប្ដាហ៍កន្លង។
យន្តហោះនេះត្រូវបានអភិវឌ្ឍជាពិសេសសម្រាប់ការបំពេញបេសកកម្មពន្លត់ភ្លើងព្រៃ។ AG600M អាចចុះចតទាំងនៅលើផ្លូវគោក ទាំងនៅលើទឹក និងអាចដឹកទឹកបាន ១២ តោន និងហោះហើរបានចម្ងាយ ៤,៥០០ គីឡូម៉ែត្រ។ វាក៏អាចដឹកមនុស្សបន្ថែម ៥០ នាក់ទៀត នៅក្នុងបេសកកម្មសង្គ្រោះនានា។
ទម្ងន់សរុបអតិបរមានៅពេលហោះហើរអាចឡើងដល់ ៦០ តោន។ យន្តហោះ AG600M អាចហោះទាបក្នុងល្បឿនយឺត អនុញ្ញាតឱ្យវាអាចទម្លាក់ទឹកចំគោលដៅដែលមានអគ្គិភ័យបានយ៉ាងល្អ។
នៅក្នុងការសាកល្បងហោះហើរចុងក្រោយ AG600M បានហោះឡើងពីដីគោក និងទម្លាក់ទឹកពីលើអាកាស បន្ទាប់មកក៏ហោះចុះទៅលើបឹងដើម្បីយកទឹក និងបន្តហោះឡើង ឆ្ពោះទៅទម្លាក់ទឹកនៅលើទីតាំងដែលបានកំណត់ជាស្រេច ហើយចុងក្រោយវាក៏ចុះចតលើផ្ទៃទឹកម្ដងទៀត មុនពេលហោះឡើង។
តាមគម្រោង យន្តហោះពន្លត់អគ្គិភ័យពិសេស AG600M របស់ក្រុមហ៊ុន AVIC នេះ នឹងត្រូវបានដាក់ឱ្យប្រើប្រាស់ចាប់ពីឆ្នាំ ២០២៤៕