លទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់សាកលវិទ្យាល័យ Curtin បានបង្ហាញថា មហាទ្វីបបន្ទាប់នៅលើផែនដីគឺ Amasia នឹងកកើតឡើងនៅពេលមហាសមុទ្រប៉ាស៊ីហ្វ៊ិករួមតូច នៅក្នុងរយៈពេលចាប់ពី ២០០ ទៅ ៣០០ លានឆ្នាំទៀត។
នៅក្នុងអត្ថបទព័ត៌មានដែលបានចុះផ្សាយកាលពីថ្ងៃទិ ២៨ កញ្ញា នៅលើទស្សនាវដ្ដី Science Review ក្រុមអ្នកស្រាវជ្រាវប្រើប្រាស់កុំព្យូទ័រដើម្បីធ្វើការបង្ហាញត្រាប់ (simulation) នូវដំណើរការមហាទ្វីបថ្មីកកើត និងបានរកឃើញថា ដោយសារតែផែនដីចុះត្រជាក់ក្នុងរយៈពេលរាប់ពាន់លានឆ្នាំ ភាពក្រាស់ និងភាពរឹងមាំរបស់ស្រទាប់តិចតូនិច (Tectonic Plate) ដែលនៅខាងក្រោមមហាសមុទ្រប៉ាស៊ីហ្វ្រិក ថយចុះទៅតាមពេលវេលា។ ជាលទ្ធផលគឺថា មហាទ្វីបបន្ទាប់ ពិបាកប្រមូលផ្ដុំគ្នានៅជុំវិញបណ្ដាមហាសមុទ្រវ័យក្មេងដូចជា អាត្លង់ទិច ឬមហាសមុទ្រឥណ្ឌា។
អ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ Curtin បានឱ្យដឹងថា របកគំហើញថ្មីនេះបង្ហើបឱ្យដឹងអំពីអ្វីដែលនឹងកើតឡើងចំពោះផែនដីក្នុងរយៈពេល ២០០ ឆ្នាំខាងមុខ។ អ្នកវិទ្យាសាស្ត្ររបស់ Curtin យល់ថា ក្នុងរយៈពេល ២ ពាន់លានឆ្នាំកន្លង បណ្ដាទ្វីបនៅលើផែនដី បានប៉ះទង្គិចនឹងគ្នា ហើយរៀងរាល់ ៦០០ លានឆ្នាំម្ដង នឹងមានមហាទ្វីបថ្មីមួយកើតឡើង ដែលហៅថា វដ្ដនៃមហាទ្វីប។ ដូច្នេះ បណ្ដាទ្វីបបច្ចុប្បន្នជិតប្រមូលផ្ដុំគ្នាម្ដងទៀតនៅក្នុងរយៈពេល ២០០ លានឆ្នាំខាងមុខ។
មហាទ្វីបថ្មីនេះនឹងត្រូវបានដាក់ឈ្មោះថា Amasia ដោយសារតែមហាសមុទ្រប៉ាស៊ីហ្វិករួមតូច នៅពេលទ្វីបអាម៉េរិក ប៉ះទង្គិចជាមួយទ្វីបអាស៊ី។ អូស្ត្រាលី ត្រូវបានព្យាករថានឹងចូលរួមចំណែកក្នុងដំណើរការកកើតមហាទ្វីបថ្មីនេះ។ ដំបូង ទ្វីបអូស្ត្រាលី នឹងប៉ះជាមួយទ្វីបអាស៊ី ហើយភ្ជាប់ទ្វីបអាម៉េរិក ជាមួយនឹង ទ្វីបអាស៊ី។
អ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យ Curtin និយាយថា ការកកើតមហាទ្វីបថ្មីនេះនឹងធ្វើឱ្យទឹកសមុទ្រមានកម្រិតទាបជាងបច្ចុប្បន្ន ហើយនៅលើមហាទ្វីបនេះនឹងមានសភាពស្ងួតខ្លាំងដោយមានសីតុណ្ហភាពខ្ពស់។ បច្ចុប្បន្ន ផែនដីមានទ្វីបចំនួន ៧ ដែលមានប្រព័ន្ធជីវសាស្ត្រចម្រុះ និងវប្បធម៌ផ្សេងៗគ្នា៕