ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃទី ០២ តុលា បានប្រកាសថា កងទ័ពប្រទេសនេះដណ្ដើមបានមកវិញទាំងស្រុងនូវទីក្រុង Lyman ដែលជាមជ្ឈមណ្ឌលដឹកជញ្ជូនភាគខាងកើតនៅក្នុងខេត្ត Donetsk និងបានឱ្យដឹងថា មូស្គូ បានដកទ័ពទាំងអស់ចេញពីទីក្រុងនេះ។
«គិតត្រឹមម៉ោង ១២ និង ៣០ នាទី (ម៉ោងក្នុងស្រុក) Lyman ត្រូវបានរំដោះទាំងស្រុង» Reuters ដកស្រង់ប្រកាសរបស់ ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី ថ្លែងនៅក្នុងវីដេអូមួយដែលបានបង្ហោះលើ Telegram កាលពីថ្ងៃទី ០២ តុលា។
មុននោះ មេដឹកនាំប្រទេសអ៊ុយក្រែន បានឱ្យដឹងថា «ចំនួនទង់ជាតិអ៊ុយក្រែន ដែលដោតនៅក្នុងតំបន់ Donbass បានកើនឡើង។ វានឹងបានបង់នៅក្នុងតំបន់ជាច្រើនទៀត នៅសប្ដាហ៍ក្រោយ»។
ក្រសួងការពារជាតិរុស្ស៊ី កាលពីថ្ងៃទី ០១ តុលា បានប្រកាសថា កងទ័ពប្រទេសនេះ និងកងកម្លាំងផ្ដាច់ខ្លួននៅ ភាគខាងកើតអ៊ុយក្រែន បានដកចេញពី Lyman ដើម្បីត្រលប់ទៅកាន់ជួរដែលមានអំណោយផលល្អជាងនេះ នៅចំពោះហានិភ័យទីក្រុងនេះត្រូវរងការវាយប្រហារទ្រង់ទ្រាយធំពីសំណាក់ អ៊ុយក្រែន។
ចំណែកលោក Serhiy Gaidai អភិវាលខេត្ត Lugansk បានឱ្យដឹងថា ការដែល ទីក្រុងកៀវ ដណ្ដើមបានសិទ្ធិគ្រប់គ្រង Lyman ដែលជាទីក្រុងត្រូវ រុស្ស៊ី កាន់កាប់តាំងពីខែឧសភា និងជាច្រកដឹកជញ្ជូនរបស់ មូស្គូ គឺជាសញ្ញាបង្ហាញនូវកត្តាសំខាន់ក្នុងការជួយឱ្យកងទ័ពរបស់ អ៊ុយក្រែន ឆ្ពោះទៅមុខបានឆ្ងាយជាងនេះ សំដៅតំបន់ Kreminna និង Severodonetsk។