មេដឹកនាំ ៩ ប្រទេសរបស់ ណាតូ បានប្រកាសគាំទ្រដំណើរការបញ្ចូលជាសមាជិកចំពោះ អ៊ុយក្រែន និងអំពាវនាវឱ្យបង្កើនជំនួយយោធាដល់ប្រទេសនេះ។
មេដឹកនាំ ៩ ប្រទេសរបស់ ណាតូ រួមមាន សាធារណរដ្ឋឆែក, អេស្តូនី, ឡេតូនី, លីទុយអានី, ម៉ាសេដ្វាន, ម៉ុងតេណេហ្គ្រោ, ប៉ូឡូញ, រូម៉ានី និង ស្លូវ៉ាគី កាលពីថ្ងៃទី ០២ តុលា បានប្រកាសគាំទ្រ «សេចក្ដីសម្រេចរបស់មហាសន្និបាតណាតូ Bucharest ឆ្នាំ ២០០៨ ទាក់ទងនឹងតួនាទីជាសមាជិកក្នុងអនាគតរបស់ អ៊ុយក្រែន»។
នៅក្នុងមហាសន្និបាតណាតូឆ្នាំ ២០០៨ បណ្ដាប្រទេសជាសមាជិក បានសាទរចំពោះបំណងចូលជាសមាជិកសម្ព័ន្ធយោធានេះរបស់ អ៊ុយក្រែន និង ហ្សកហ្ស៊ី ប៉ុន្តែមិនបានលើកឡើងកាលបរិច្ឆេទជាក់លាក់ស្ដីពីដំណើរការដែលប្រទេសទាំងពីរនេះអាចចូលរួម។ ប្រកាសរបស់ មេដឹកនាំ ៩ ប្រទេសរបស់ ណាតូ នាពេលថ្មីៗនេះក៏មិនបាននិយាយដល់ពេលវេលាជាក់លាក់។
មេដឹកនាំ ៩ ប្រទេសរបស់ ណាតូ ខាងលើ ក៏បានអំពាវនាវឱ្យ «រុស្ស៊ី ដកទ័ពជាបន្ទាន់ចេញពីទឹកដីរបស់ អ៊ុយក្រែន» និងលើកទឹកចិត្តដល់សម្ព័ន្ធមិត្ត បង្កើនជំនួយយោធាឱ្យបានច្រើនជាងបច្ចុប្បន្ន សម្រាប់ ទីក្រុងកៀវ។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី កាលពីថ្ងៃទី ៣០ កញ្ញា បានចុះហត្ថលេខាលើពាក្យស្នើសុំចូលជាសមាជិកណាតូ (NATO) និងស្នើឱ្យសម្ព័ន្ធយោធានេះប្រញាប់ទទួលយក អ៊ុយក្រែន បន្ទាប់ពី រុស្ស៊ី រឹបអូសទឹកដី ៤ ខេត្តទៀតរបស់ប្រទេសនេះ។