ជើងហោះហើរដឹកអ្នកដំណើរ ៦៣ នាក់របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិមីយ៉ានម៉ា បានត្រូវគ្រាប់កាំភ្លើងនៅពេលជិតចុះចតក្នុងទីក្រុងរដ្ឋបាលរបស់រដ្ឋ Kayah បណ្ដាលឱ្យមនុស្សម្នាក់រងរបួស។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍មីយ៉ានម៉ា ចេញដំណើរពី រដ្ឋធានីណៃពិដោ (Naypyidaw) ទៅកាន់ Loikaw ដែលជាទីក្រុងរដ្ឋបាលរបស់រដ្ឋ Kayah នៅភាគអាគ្នេយ៍ប្រទេសនេះ បានត្រូវគ្រាប់កាំភ្លើងនាព្រឹកថ្ងៃសុក្រម្សិលមិញ នៅលើកម្ពស់ប្រហែល ១,០០០ ម៉ែត្រ ពេលកំពុងត្រៀមចុះចតលើព្រលានយន្តហោះ។ គ្រាប់កាំភ្លើងដែលមិនទាន់ស្គាល់ប្រភេទច្បាស់ បានទម្លុះជញ្ជាំងរបស់យន្តហោះ និងត្រូវចំអ្នកដំណើរម្នាក់។
«អ្នកដំណើរនេះត្រូវរងរបួសដោយសារត្រូវគ្រាប់កាំភ្លើងត្រង់ថ្ពាល់ខាងស្ដាំ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រជាជន Loikaw។ កងកម្លាំងសន្តិសុខកំពុងធ្វើការនៅក្នុងតំបន់កើតមានហេតុការណ៍វាយប្រហារនេះ» អាជ្ញាធរយោធារបស់ មីយ៉ានម៉ា បានប្រកាសដូច្នេះ។
របបសឹកមីយ៉ានម៉ា បានចោទថា ខ្មាន់កាំភ្លើងរបស់ គណបក្សចម្រើនជាតិការ៉ែន (KNPP) ដែលជាក្រុមបះបោរជនជាតិភាគតិច នៅពីក្រោយអំពើនេះ។
ប្រទេសមីយ៉ានម៉ា បានធ្លាល់ទៅក្នុងភាពច្របូកច្របល់ចាប់តាំងពីកងទ័ពបានធ្វើរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំកន្លង ដោយបានផ្ដួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi នឹងប្រគល់អំណាចឱ្យឧត្តមសេនីយ៍ Min Aung Hlaing។
យោងតាមអង្គការតាមដានសិទ្ធិមនុស្សនៅ មីយ៉ានម៉ា មនុស្សជាង ២,០០០ នាក់បានស្លាប់ និងជាង ១៥,០០០ នាក់ត្រូវបានចាប់ខ្លួន ដោយសារបានចូលរួមធ្វើបាតុកម្មប្រឆាំងនឹងអាជ្ញាធរយោធា៕