Skip to content

រុស្ស៊ី​ បោះ​ឆ្នោត​ប្រឆាំង ខណៈ​ចិន​ បោះ​ឆ្នោត​អនុបវាទ លើ​សេចក្ដី​សម្រេច​ចិត្ត​ថ្កោល​ទោស​ទីក្រុង​មូស្គូ​

ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី ៣០ កញ្ញា បាន​ប្រឆាំង​ទៅ​នឹង​សេចក្ដី​សម្រេច​ចិត្ត​របស់​ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ ដែល​លើក​ឡើង​ដោយ​ សហរដ្ឋ​អាម៉េរិក និង​ អាល់បានី​ ក្នុង​តំណង​​ថ្កោល​ទោស​ចំពោះ​ទី​ក្រុង​មូស្គូ ទាក់​ទិន​នឹង​ការ​រឹប​អូស​ទឹក​ដី​ ៤ ខេត្ត​របស់ អ៊ុយក្រែន​។

មុន​នោះ ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន បាន​ប្រកាស​អំពី​​អធិបតេយ្យ​របស់​ រុស្ស៊ី ចំពោះ​ទឹក​ដី​ ៤ ខេត្ត​ ដែល​ស្មើ​នឹង ១៥% នៃ​ទឹក​ដី​របស់ អ៊ុយក្រែន​។ នេះ​គឺជា​ករណី​រឹប​អូស​ទឹក​ដី​ធំបំផុត​នៅ​ អឺរ៉ុប រាប់ចាប់​ពី​សង្គ្រាម​លោក​លើក​ទី២។ បណ្ដា​ប្រទេស​លោក​ខាងលិច និង​សូម្បី​តែ​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​របស់ រុស្ស៊ី ក៏​បាន​ជំទាស់​ទៅ​នឹង​ទង្វើ​របស់​ ទីក្រុង​មូស្គូ។

ភ្លាម​នោះ តំណាង​របស់ សហរដ្ឋ​អាម៉េរិក​ នៅ​ អង្គការ​សហប្រជាជាតិ​ បាន​ដាក់​សំណើ​ទៅ​កាន់​ ក្រុម​ប្រឹក្សា​សន្តិសុខ​នៃ​ អង្គការ​សហប្រជាជាតិ​ អំពាវ​នាវ​ឱ្យ​មាន​ការ​ថ្កោល​ទោស​ និង​មិន​ត្រូវ​ទទួល​ស្គាល់​រាល់​ស្ថាន​ភាព​ប្រែប្រួល​នៅ​ អ៊ុយក្រែន ហើយ​បង្ខំ​ឱ្យ​ រុស្ស៊ី ដក​ទ័ព​ចេញពី​ប្រទេស​ជិត​ខាង​នេះ​។

សមាជិក​ចំនួន ១០ របស់​ ក្រុម​ប្រឹក្សា​សន្តិសុខ​ បាន​បោះ​ឆ្នោត​គាំទ្រ​សេចក្ដី​សម្រេច​ចិត្ត​​ថ្កោល​ទោស​ចំពោះ​ទង្វើ​រឹប​អូស​ទឹក​ដី​​ប្រទេស​ដទៃ​របស់ រុស្ស៊ី​។ ចំណែក ប្រទេស​ចិន ប្រទេស​ហ្កាបុង ឥណ្ឌា និង ប្រេស៊ីល បាន​បោះ​ឆ្នោត​អនុបវាទ​។

«ពុំ​មាន​ប្រទេស​ណា​មួយ​បោះ​ឆ្នោត​សម្រាប់​ រុស្ស៊ី​។ មិន​មាន​ប្រទេស​ណា​ទាំង​អស់» លោក​ស្រី Linda Thomas-Greenfield តំណាង​របស់ សហរដ្ឋ​អាម៉េរិក​ នៅ​ អង្គការ​សហប្រជាជាតិ បាន​ប្រាប់​អ្នកយក​ព័ត៌មាន​បន្ទាប់​ពី​កិច្ច​ប្រជុំ​របស់​ ក្រុម​ប្រឹក្សា​សន្តិសុខ​។ លោក​ស្រីបន្ថែម​ថា បណ្ដា​ប្រទេស​ដែល​បោះ​ឆ្នោត​អនុបវាទ «ពិត​ណាស់​ មិន​មែនជា​ការ​ការ​ពារ​ រុស្ស៊ី​ ឡើយ»​។

លោក​ស្រី Thomas-Greenfield បញ្ជាក់​ថា លោក​ស្រី​នឹង​ដាក់​សេចក្ដី​សម្រេច​ចិត្ត​​​នេះ​ឡើង​ទៅ​កាន់​សន្និបាត​អង្គការ​សហប្រជាជាតិ​ ដែល​មាន​សមាជិក ១៩៣ ប្រទេស​ ដើម្បី​ថ្កោល​ទោស​ទង្វើ​ថ្មី​បំផុត​របស់ រុស្ស៊ី​៕

Leave a Reply

Your email address will not be published. Required fields are marked *