Skip to content

អ៊ុយក្រែន​ ដាក់​ពាក្យ​សុំ​ចូល​ជា​សមាជិក​​សម្ព័ន្ធមិត្ត​យោធា​ណាតូ

ប្រធានាធិបតីអ៊ុយក្រែន​ លោក ហ្សេឡែនស្គី បាន​ចុះ​ហត្ថលេខា​លើ​ពាក្យ​ស្នើ​សុំ​ចូល​ជា​សមាជិក​ណាតូ (NATO) និង​​ស្នើ​​​ឱ្យ​សម្ព័ន្ធ​យោធា​នេះ​ប្រញាប់​ទទួល​យក​ អ៊ុយក្រែន​ បន្ទាប់​ពី​ រុស្ស៊ី រឹប​អូស​ទឹក​ដី​ ៤ ខេត្ត​ទៀត​របស់​ប្រទេស​នេះ​។

«យើង​បាន​បង្ហាញ​អំពី​សមត្ថភាព​របស់​យើង​ចំពោះ​ស្ដង់ដារ​របស់​សម្ព័ន្ធ​មិត្ត​។ យើង​អនុវត្ត​ជំហាន​ដែល​មាន​លក្ខណៈ​ប្ដូរ​ផ្ដាច់​ដោយ​ការ​ចុះ​ហត្ថលេខា​សុំ​ចូល​ជា​សមាជិក​ណាតូ​ ជា​បន្ទាន់» ប្រធានាធិបតី​អ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡែនស្គី កាលពី​ថ្ងៃទី ៣០ កញ្ញា បាន​ឱ្យ​ដឹង​ដូច្នេះ​។

ប្រកាស​នេះ​ត្រូវ​បាន ​ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី លើក​ឡើង​បន្ទាប់​ពី​ ប្រធានាធិបតី​រុស្ស៊ី លោក ពូទីន ប្រកាស​ច្របាច់​បញ្ចូល​ទឹក​ដី​ ៤ ខេត្ត​ គឺ Donetsk, Lugansk, Zaporizhzhia និង Kherson របស់ អ៊ុយក្រែន ទៅ​ក្នុង​ ប្រទេស​រុស្ស៊ី​។

ក្រោយ​ពី​បាន​ចុះ​ហត្ថលេខា​ទទួល​យក​ទឹក​ដី​ ៤ ខេត្ត​នេះ លោក ពូទីន ក៏​បាន​ជំរុញ​ឱ្យ​ អ៊ុយក្រែន បញ្ឈប់​សកម្មភាព​យោធា និង​ត្រលាប់​ចូល​តុ​ចរចា។

ប៉ុន្តែ លោក ហ្សេឡែនស្គី បាន​បដិសេធ​រាល់​ការ​ចរចា​ជាមួយ​លោក ពូទីន​។ «អ៊ុយក្រែន នឹង​មិន​ចរចា​​អ្វី​ទាំង​អស់ នៅ​ពេល​លោក ពូទីន នៅ​ជា​ប្រធានាធិបតី​របស់ សហព័ន្ធ​រុស្ស៊ី​។ យើង​នឹង​ចរចា​ជាមួយ​ប្រធានាធិបតី​ថ្មី» លោក ហ្សឡែនស្គី បញ្ជាក់​ដូច្នេះ​។

ភាគី​រុស្ស៊ី មិន​ទាន់​មាន​ប្រតិកម្ម​ទៅ​នឹង​ប្រកាស​របស់​ ប្រធានាធិបតី​អ៊ុយក្រែន​ នៅ​ឡើយ​។ អគ្គលេខាធិការ​នៃ​ អង្គការ​ណាតូ លោក Jens Stoltenberg បាន​ឱ្យ​ដឹង​ថា ការ​សម្រេច​ទទួល​យក​ អ៊ុយក្រែន​ ជា​សមាជិក​ នឹង​ត្រូវ​ការ​ការ​យល់​ព្រម​ពី​សមាជិក​ទាំង​អស់​នៅ​ក្នុង​សម្ព័ន្ធ​មិត្ត​យោធា​នេះ​៕

Leave a Reply

Your email address will not be published. Required fields are marked *