មន្ទីរបញ្ចកោណ កំពុងតែរៀបចំបង្កើតបញ្ជាការដ្ឋានយោធាទទួលបន្ទុកតំបន់អ៊ុយក្រែន ក្នុងបំណងគ្រប់គ្រងការហ្វឹកហាត់ និងផ្គត់ផ្គង់អាវុធដល់ ទីក្រុងកៀវ ដើម្បីទប់ទល់នឹង រុស្ស៊ី។
មន្ត្រីពីររូបរបស់ សហរដ្ឋអាម៉េរិក សុំមិនបញ្ចេញឈ្មោះ កាលពីថ្ងៃទី ២៩ កញ្ញាបានឱ្យដឹងថា ទីបញ្ជាការដែលទទួលខុសត្រូវក្នុងការជួយគាំទ្រផ្នែកយោធាដល់ អ៊ុយក្រែន នេះ នឹងមានមូលដ្ឋាននៅ Wiesbaden ប្រទេសអាល្លឺម៉ង់ ក្រោមការគ្រប់គ្រងរបស់ឧត្តមសេនីយ៍ Christopher Cavoli មេបញ្ជាការនៃបញ្ជាការដ្ឋានកងទ័ពអាម៉េរិក នៅ អឺរ៉ុប (EUCOM)។
ពេលវេលានៃការបង្កើតទីបញ្ជាការនេះមិនទាន់ត្រូវបានបង្ហើបឱ្យដឹងនៅឡើយ ប៉ុន្តែ វានឹងត្រូវបានដឹកនាំដោយឧត្តមសេនីយ៍ផ្កាយ ៣ មួយរូប និងមានទាហានប្រមាណ ៣០០ នាក់។ នេះគឹជាសញ្ញាមួយបង្ហាញថា សហរដ្ឋអាម៉េរិក កំពុងតែត្រៀមសម្រាប់សេណារីយ៉ូសង្គ្រាមនៅ អ៊ុយក្រែន អូសបន្លាយពេលច្រើនឆ្នាំទៅមុខ។
បញ្ជាការដ្ឋានខាងលើត្រូវបានគេរំពឹងថា នឹងកែលំអដំណើរការផ្គត់ផ្គង់អាវុធ និងការហ្វឹកហ្វឺនសម្រាប់ទាហានរបស់ អ៊ុយក្រែន ដែលកន្លងមកត្រូវបានធ្វើឡើងដោយភាពប្រញាប់ប្រញាល់ បន្ទាប់ពី រុស្ស៊ី បើកការឈ្លានពាននៅប្រទេសជិតខាង។