Skip to content

ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​អ៊ុយក្រែន កោះ​ប្រជុំ​បន្ទាន់ ខណៈ​ពិធី​​ចុះ​ហត្ថលេខា​លើ​ការ​រឹបអូស​ទឹក​ដី ៤ តំបន់​របស់ ​អ៊ុយក្រែន ជិត​មក​ដល់

ប្រធានាធិបតី​អ៊ុយក្រែន លោក ហ្សេឡែនស្គី ​កោះ​ប្រជុំ​ក្រុម​ប្រឹក្សា​សន្តិសុខ​ជាតិ​​ជា​បន្ទាន់​ ក្រោ​យ​ពី​ រុស្ស៊ី ប្រកាស​អំពីពេល​វេលា​ចុះ​ហត្ថលេខា​លើ​ការ​ច្របាច់​បញ្ចូល​ទឹក​ដី​ ៤ តំបន់​របស់ អ៊ុយក្រែន ទៅ​ក្នុង​ ប្រទេស​រុស្ស៊ី​។

«ប្រធានាធិបតី​ វ៉ូឡូឌីមៀ ហ្សេឡែនស្គី នឹង​កោះ​ប្រជុំ​បន្ទាន់​ជាមួយ​ក្រុមប្រឹក្សា​ការ​ពារ​ជាតិ និង​សន្តិសុខ​​ជាតិ​អ៊ុយក្រែន នៅ​ថ្ងៃ​ស្អែក» Serhii Nykyforov លេខា​ផ្នែក​សារព័ត៌មាន​របស់ប្រធានាធិបតី​អ៊ុយក្រែន បាន​ឱ្យ​ដឹង​ដូច្នេះ​កាលពី​ថ្ងៃទី ២៩ កញ្ញា​ និង​បាន​បន្ថែម​ថា ខ្លឹមសារលម្អិត​នៃ​កិច្ច​ប្រជុំ​នឹង​ត្រូវ​បាន​ប្រកាស​នៅ​ពេល​ក្រោយ ។

ក្រុមប្រឹក្សា​ការ​ពារ​ជាតិ និង​សន្តិសុខ​​ជាតិ​អ៊ុយក្រែន រួម​មាន អគ្គមេបញ្ជាការ​កងទ័ព​, រដ្ឋមន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ រដ្ឋមន្ត្រី​ការ​បរទេស​ នាយករដ្ឋមន្ត្រី​ មេដឹកនាំ​ស្ថាប័ន​សន្តិសុខ​ជាតិ​អ៊ុយក្រែន និង​សមាជិក​ សមាជិកា​ផ្សេង​ទៀត​។ ក្រុម​ប្រឹក្សា​នេះ​មាន​តួនាទី​ធ្វើ​ការ​ជាមួយ​ប្រធានាធិបតី​​ទាក់​ទង​នឹង​ការ​អភិវឌ្ឍ និង​ចាត់​ចែង​គោល​នយោបាយ​សន្តិសុខ​ជាតិ​។

ប្រកាស​អំពី​កិច្ច​ប្រជុំ​បន្ទាន់​របស់ ក្រុមប្រឹក្សា​ការ​ពារ​ជាតិ និង​សន្តិសុខ​​ជាតិ​អ៊ុយក្រែន ត្រូវ​បាន​លើក​ឡើង​បន្ទាប់​ពី​ វិមាន​ក្រឹមឡាំង​ ប្រកាស​ថា ពិធី​ចុះ​ហត្ថលេខា​ដើម្បី​ច្របាច់​បញ្ចូល​ទឹក​ដី​របស់​ អ៊ុយក្រែន គឺ Kherson, Zaporizhzhia, Donetsk និង Luganks ទៅក្នុង​ ប្រទេស​រុស្ស៊ី នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ម៉ោង​ ១៥ ថ្ងៃទី ៣០ កញ្ញា​ ហើយ​ ប្រធានាធិបតី​ វ្ល៉ាឌីមៀ ពូទីន នឹង​មាន​សេចក្ដី​ថ្លែង​ការណ៍​សំខាន់​៕

Leave a Reply

Your email address will not be published. Required fields are marked *