Skip to content

អគ្គលេខាធិការនៃ​អង្គការសហប្រជាជាតិ ថ្កោលទោស​រុស្ស៊ី ក្នុង​រឿង​រឹប​អូស​​ទឹក​ដី​របស់ អ៊ុយក្រែន

អគ្គលេខាធិការនៃ​អង្គការសហប្រជាជាតិ លោក Antonio Guterres ព្រមាន​ថា រុស្ស៊ី កំពុង​តែ «បង្កើន​គ្រោះថ្នាក់» ដោយ​ការ​រឹបអូស​ទឹក​ដី​របស់ អ៊ុយក្រែន រំលោភ​លើ​ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​។

«ធម្មនុញ្ញ​នៃ​អង្គការ​សហប្រជាជាតិ​ លើក​ឡើង​ច្បាស់​ថា រាល់​ការ​ច្របាច់​បញ្ចូល​ទឹក​ដី​របស់​ប្រទេស​មួយ​ ទៅ​ក្នុង​ប្រទេស​មួយ​ទៀត​ បើ​សិន​ជា​លទ្ធផល​នៃ​ការ​គំរាម​កំហែង ឬ​ប្រើប្រាស់​កម្លាំង​បាយ​ នោះ​នឹង​ជា​សកម្មភាព​រំលោភ​គោល​ការណ៍​ច្បាប់​របស់ ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ​ និង​ច្បាប់​អន្តរជាតិ​» អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ លោក Antonio Guterres កាល​ពី​ថ្ងៃទី ២៩ កញ្ញា បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ឯ​ទីស្នាក់​ការ​កណ្ដាល​នៅ New York សហរដ្ឋ​អាម៉េរិក​។

លោក Antonio Guterres បញ្ជាក់​ជា​ថ្មី​ថា ផែនការ​ច្របាច់​ទឹក​ដី​របស់ អ៊ុយក្រែន ទៅ​ក្នុង​ទឹក​ដី​របស់ រុស្ស៊ី គឺជា​សកម្មភាព​ «មិន​សម​ស្រប​ទៅ​នឹង​ក្រប​ខណ្ឌ​នៃ​ច្បាប់អន្តរជាតិ​​» និង​ដើរ​ផ្ទុយ​ពី​តម្លៃ​របស់​សហគមន៍​អន្តរជាតិ​។

អង្គការ​សហប្រជាជាតិ កាល​ពី​ថ្ងៃទី ២៧ កញ្ញា បាន​សន្មត​​ថា ការបោះ​ឆ្នោត​ប្រជាមតិ​កន្លង​មក​នៅ​ក្នុង​ ៤ តំបន់​ដែល​ រុស្ស៊ី កំពុង​គ្រប់​គ្រង​នៅ​លើ​ទឹក​ដី របស់ អ៊ុយក្រែន គឺជា​ទង្វើ​ខុស​ច្បាប់​។

អគ្គលេខាធិការនៃ​អង្គការសហប្រជាជាតិ លោក Antonio Guterres បន្ថែម​ថា «ទង្វើ​នេះ​គឺជា​ការ​ប្រមាថ​ចំពោះ​គោល​ដៅ និង​គោល​ការណ៍​របស់​ អង្គការ​សហប្រជាជាតិ។ នេះ​គឺជា​ជំហាន​ដែល​បង្ក​ភាព​តាន​តឹង​ដ៏គ្រោះ​ថ្នាក់​។ វា​មិន​អាច​មាន​វត្តមាន​នៅ​ក្នុង​ពិភពលោក​សម័យ​ថ្មី ហើយ​យើង​មិន​អាច​ទទួល​យក​បាន»។

តាម​រយៈ​ការ​រឹប​អូស​តំបន់ Donetsk, Lugansk, Kherson និង Zaporizhzhia រុស្ស៊ី កំពុង​តែ​​​គំរាម​កំហែង​​ដល់​ក្ដី​រំពឹង​អំពី​សន្តិភាព​ នេះ​បើ​តាម​លោក Antonio Guterres។ លោក​បន្ថែម​ថា មូស្គូ នឹង​អូស​បន្លាយ​ផល​ប៉ះពាល់​ធ្ងន់​ធ្ងន់​ដល់​សេដ្ឋកិច្ច​សកល ពិសេស​គឺ​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍ ទន្ទឹម​នឹង​ការ​រារាំង​សកម្មភាព​ជំនួយ​មនុស្ស​ធម៌​នៅ អ៊ុយក្រែន និង​តំបន់​ជា​ច្រើន​ផ្សេង​ទៀត​។

ប្រតិភូ​របស់ រុស្ស៊ី ប្រចាំ​ អង្គការ​សហប្រជាជាតិ​ ក្រោយ​មក​ក៏​បាន​ជំទាស់​នឹង​សារ​របស់​លោក Antonio Guterres ដោយ​បាន​លើក​ឡើង​​ថា សម្ដី​របស់​ អគ្គលេខាធិការ​នៃ​អង្គការ​សហប្រជាជាតិ​ មាន​ភាព​​លម្អៀង​ទៅ​រក​លោក​ខាង​លិច​៕

Leave a Reply

Your email address will not be published. Required fields are marked *