Skip to content

សភាអាម៉េរិក អនុម័ត​កញ្ចប់​ជំនួយ​ថ្មី​តម្លៃ ១២ ពាន់​លាន​ដុល្លារ​ សម្រាប់​ អ៊ុយក្រែន

កាលពី​ថ្ងៃទី ២៩ កញ្ញា សភា​ជាន់ខ្ពស់​អាម៉េរិក បាន​អនុម័ត​កញ្ចប់​ជំនួយ​សេដ្ឋកិច្ច និង​យោធា​ថ្មី តម្លៃ​ ១២ ពាន់​លាន​ដុល្លារ​អាម៉េរិក សម្រាប់​ជួយ​ដល់​ ប្រទេស​អ៊ុយក្រែន​។

ការ​សម្រេច​ខាង​លើ​ ត្រូវ​បាន​គាំទ្រ​ដោយ​ក្រុម​តំណាង​រាស្ត្រ​របស់​ បក្សសាធារណរដ្ឋ និង​ បក្ស​ប្រជាធិបតេយ្យ​ និង​អនុញ្ញាត​ឱ្យ​ ប្រធានាធិបតី​ ចូ បៃដិន យក​អាវុធ និង​សម្ភារៈ​យោធា​តម្លៃ​ ៣.៧ ពាន់​លាន​ដុល្លារ​ ពី​ឃ្លាំង​របស់ កងទ័ព​អាម៉េរិក ដើម្បី​ផ្គត់ផ្គង់​ដល់ អ៊ុយក្រែន​។ ទន្ទឹម​នឹង​នេះ​ ក៏​មាន​ខ្ទង់​ប្រាក់​ជំនួយ​ ៣ ពាន់​លាន​ដុល្លារ​សម្រាប់​ទិញ​អាវុធ​ សម្ភារៈ និង​ផ្ដល់​ជា​ប្រាក់​ខែ​ដល់​ទាហាន​របស់ អ៊ុយក្រែន រួម​នឹង​ ៤.៥ ពាន់​លាន​ដុល្លារ​ទៀត​ សម្រាប់​ជួយ​ឱ្យ​ ទីក្រុង​កៀវ ពង្រឹង​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ​ ក៏ដូចជា​​ទ្រទ្រង់​រដ្ឋាភិបាល​ និង​ផ្ដល់​សេវាសាធារណៈ​ដល់​ប្រជាប្រជន​នៅ អ៊ុយក្រែន​។

មុននោះ កាលពី​ថ្ងៃទី ២៨ កញ្ញា សហរដ្ឋ​អាម៉េរិក បាន​ប្រកាស​អំពីកញ្ចប់​ជំនួយ​យោធា​ថ្មី រួម​មាន​អាវុធ និង​សម្ភារៈ​យោធា​សម្រាប់​ អ៊ុយក្រែន​ ដែល​មាន​តម្លៃ​ ១.១ ពាន់​លាន​ដុល្លារ​ ដើម្បី​ស្ដារ​កម្លាំង​ទ័ព​អ៊ុយក្រែន ក្នុង​រយៈ​ពេល​វែង និង​មធ្យម​។

យោង​តាម​មន្ត្រី​ជាន់​ខ្ពស់​មួយ​រូប​របស់ សហរដ្ឋ​អាម៉េរិក ដំណាក់​កាល​​ផ្គត់ផ្គង់​អាវុធ​ថ្មី​នឹង​ត្រូវ​ការ​ពេលពី ៦ ទៅ ២ ឆ្នាំ ដើម្បី​រៀប​ចំ និង​ប្រគល់​ ដោយ​ផ្ដោត​ទៅ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ការ​ពារ​ជាតិ​យូរអង្វែង​របស់ អ៊ុយក្រែន ខណៈ​ដែល​សម្ព័ន្ធ​មិត្ត និង​ដៃគូសហការ បង្កើន​ល្បឿន​ក្នុង​ការ​ផ្គត់ផ្គង់​សម្ភារៈ​យោធា និង​គ្រាប់​រំសេវ​សម​ស្រប​សម្រាប់​តម្រូវ​ការ​បន្ទាន់​បំផុត​។ មន្ត្រី​ខាងលើ​និយាយ​ថា ប្រព័ន្ធ​មីស៊ីល​ចល័ត HIMARS តំណាង​ឱ្យ «ផ្នែក​សំខាន់​បំផុត​នៃ​​កងកម្លាំង​ប្រយុទ្ធ​របស់ អ៊ុយក្រែន នា​ពេល​អនាគត»។

ព័ត៌មាន​ខាងលើ​លេច​ឡើង​នៅ​ក្នុង​ពេល​ដែល រុស្ស៊ី បាន​ចេញ​បទបញ្ជា​កែន​ទ័ព​ប្រមាណ ៣ លាន​នាក់​ ដើម្បី​ពង្រឹង​កម្លាំង​របស់​ខ្លួន​នៅ​ក្នុង​ ប្រទេស​អ៊ុយក្រែន​៕

Leave a Reply

Your email address will not be published. Required fields are marked *