Skip to content

បេក្ខភាព​អាម៉េរិក យក​ឈ្នះ​លើ​គូប្រជែង​មក​ពី រុស្ស៊ី ក្នុង​ការ​បោះឆ្នោត​នៅ​ អង្គការ​សហប្រជាជាតិ

ក្នុង​ការ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​មេដឹកនាំ​សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) របស់​ អង្គការ​សហប្រជាជាតិ សម្រាប់​​អាណត្តិ​ ៤ ឆ្នាំ​ខាង​មុខ​ បេក្ខភាព​អាម៉េរិក បាន​យក​ឈ្នះ​លើ​គូប្រជែង​មក​ពី រុស្ស៊ី។

Doreen Bogdan-Martin ជា​បេក្ខភាព​មក​ពី សហរដ្ឋ​អាម៉េរិក នៅ​ថ្ងៃទី ២៩ កញ្ញា​នេះ បាន​យក​ឈ្នះ​លើ​ Rashid Ismailov មក​ពី រុស្ស៊ី នៅ​ក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​មេដឹកនាំ​នៃ សហភាពទូរគមនាគមន៍អន្តរជាតិ (International Telecommunication Union) របស់​ អង្គការ​សហប្រជាជាតិ ដោយ​ទទួល​បាន​សន្លឹក​ឆ្នោត​គាំទ្រ​ ១៣៩ សន្លឹក​ ក្នុង​ចំណោម​​សន្លឹក​​ឆ្នោត​ ១៧២ សន្លឹក​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ Bucharest នៃ​ ប្រទេស​រូម៉ានី​។

លោកស្រី Bogdan-Martin អាយុ ៥៦ ឆ្នាំ បាន​ក្លាយ​ជា​មេដឹកជា​ស្ត្រី​ភេទ​ដំបូង​បង្អស់​របស់ ITU ​ស្ថាប័ន​ដែល​មាន​មូលដ្ឋាន​នៅ ​ទីក្រុងហ្សឺណែវ ប្រទេស​ស្វ៊ីស​។ លោកស្រី​ធ្លាប់​កាន់​តំណែង​ជា​មេដឹក​នាំ​ស្ថាប័ន​អភិវឌ្ឍ​ទូរគមនាគមន៍​របស់ ITU។

លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ត្រូវ​បាន​វាយ​តម្លៃ​ថាជា​សញ្ញា​វិជ្ជមាន​សំខាន់​មួយ​ដែល​បង្ហាញ​ថា ការ​ប្រឹង​ប្រែង​របស់​ អឺរ៉ុប ក្នុង​ការ​ដាក់​ រុស្ស៊ី ឱ្យ​នៅ​ឯកា​ផ្នែក​ការ​ទូត នៅ​ អង្គការ​សហប្រជាជាតិ​ ទាក់​ទិននឹង​សង្គ្រាម​នៅ អ៊ុយក្រែន​ មាន​ប្រសិទ្ធភាព​។

លោកស្រី Bogdan-Martin

ITU ត្រូវ​បាន​បង្កើត​ឡើងកាលពី​ឆ្នាំ​ ១៩៦៥។ បច្ចុប្បន្ន ស្ថាប័ន​នេះ​ទទួល​ខុសត្រូវ​ក្នុង​ការ​ធានា​លើ​បណ្ដាញ​ទំនាក់​ទំនង​អន្តរជាតិ​សម្រាប់​ក្រុម​ហ៊ុន និង​ប្រជា​ពលរដ្ឋ​ ទន្ទឹម​នឹង​ការ​បង្កើត​បទដ្ឋាន​សម្រាប់​បច្ចេកវិទ្យា​ថ្មី មាន​ដូច​ជា​បញ្ញាសិប្បនិម្មិត​។ល។

សហរដ្ឋ​អាម៉េរិក ធ្លាប់​កាន់កាប់​តំណែង​ប្រធាន​ ITU ចន្លោះ​ពី​ឆ្នាំ ១៩៦០ ដល់​ឆ្នាំ ១៩៦៥ ខណៈ​ដែល​ សូវៀត និង រុស្ស៊ី ពុំ​ធ្លាប់​មាន​តំណាង​ណា​ម្នាក់​បាន​​​កាន់កាប់​តំណែង​នេះ​​នៅ​ឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *