កញ្ចប់ជំនួយថ្មីនេះរួមមាន ប្រព័ន្ធរ៉ុក្កែតចល័ត ១៨ គ្រឿង ប្រព័ន្ធរ៉ាដា រថពាសដែក ១៥០ គ្រឿង និងយានយោធាយុទ្ធសាស្ត្រ ១៥០ គ្រឿង។ល។
យោងតាម AFP ថ្ងៃទី ២៨ កញ្ញា សហរដ្ឋអាម៉េរិក បានប្រកាសអំពីកញ្ចប់ជំនួយថ្មី ដែលរួមមាន អាវុធ និងគ្រឿងបរិក្ខាយោធាតម្លៃ ១.១ ពាន់លានដុល្លារ សម្រាប់ អ៊ុយក្រែន ដើម្បីស្ដារកម្លាំងរបស់ ទីក្រុងកៀវ សម្រាប់រយៈពេលវែង និងមធ្យម។
ប្រកាសរបស់មន្ទីរបញ្ចកោណ បានឱ្យដឹងថា កញ្ចប់ជំនួយថ្មីនេះរួមមាន ប្រព័ន្ធរ៉ុក្កែតចល័ត HIMARS ១៨ គ្រឿង និងគ្រាប់រំសេវ ប្រព័ន្ធរ៉ាដា និងឧបករណ៍ប្រឆាំងយន្តហោះគ្មានមនុស្សបើក រួមនឹងរថពាសដែក ១៥០ គ្រឿង និងយានយោធាយុទ្ធសាស្ត្រ ១៥០ គ្រឿង។ល។
ជំនួយផ្នែកយោធាសរុបរបស់ សហរដ្ឋអាម៉េរិក សម្រាប់ អ៊ុយក្រែន គិតចាប់ពីពេល រុស្ស៊ី ចាប់ផ្ដើមយុទ្ធនាការយោធាពិសេសនៅប្រទេសជិតខាងមួយនេះកាលពីថ្ងៃទី ២៤ កុម្ភៈ បានកើនឡើងដល់ ១៦.២ ពាន់លានដុល្លារ។
Interfax បានរាយការណ៍ថា រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន Serhiy Marchenko បង្ហើបឱ្យដឹងថា ប្រទេសនេះបានទទួលជំនួយអន្តរជាតិ ៤.៦ ពាន់លានដុល្លារក្នុងខែសីហា ២០២២។ អ៊ុយក្រែន គ្រោងនឹងទទួលបានជំនួយតម្លៃ ១.៥ ពាន់លានដុល្លារពី សហរដ្ឋអាម៉េរិក នៅក្នុងខែកញ្ញានេះ និងជំនួយផ្នែកហិរញ្ញវត្ថុពី សហភាពអឺរ៉ុប នៅក្នុងខែនេះ ឬដើមខែតុលាខាងមុខផងដែរ។
យោងតាម រដ្ឋមន្ត្រីហិរញ្ញវត្ថុអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមផ្ទុះឡើងកាលពីថ្ងៃទី ២៤ កុម្ភៈ ២០២២ អ៊ុយក្រែន បានទទួលជំនួយបរទេសសរុប ១៧ ពាន់លានដុល្លារអាម៉េរិក៕