មហាសេដ្ឋីអាម៉េរិក លោក Bill Gates បានសម្ដែងការព្រួយបារម្ភខ្លាំងចំពោះការរើសអើងផ្នែកនយោបាយនៅ សហរដ្ឋអាម៉េរិក ហើយថា វានឹងនាំទៅរកសង្គ្រាមស៊ីវិលនៅពេលអនាគត។
ជាធម្មតា លោក Bill Gates ត្រូវបានគេស្គាល់ថាជាបុគ្គលដែលសកម្មក្នុងកិច្ចការមនុស្សធម៌ ជាអ្នកដែលផ្ដោតទៅលើការងារប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រ និងជំងឺឆ្លង តាមរយៈមូលនិធិមនុស្សធម៌របស់លោក។ ប៉ុន្តែ បញ្ហាមួយទៀតដែលលោកចាប់អារម្មណ៍ខ្លាំងដែរ នោះគឺការរើសអើងផ្នែកនយោបាយនៅ សហរដ្ឋអាម៉េរិក។
«ខ្ញុំទទួលស្គាល់ថា ការរើសអើងនយោបាយអាចបញ្ចប់គ្រប់យ៉ាង។ យើងអាចមានការបោះឆ្នោតមួយដែលមិនមានអ្នកឈ្នះ អ្នកចាញ់ ឬសង្គ្រាមស៊ីវិល» មហាសេដ្ឋី Bill Gates ថ្លែងនៅក្នុងសន្និសីទមនុស្សធម៌របស់ Forbes 400 ក្នុងឆ្នាំនេះ។
លោក Gates បញ្ជាក់ថា ការរើសអើងនយោបាយដើរទន្ទឹមគ្នាជាមួយនឹងបញ្ហាមួយ នោះគឺការផ្សព្វផ្សាយព័ត៌មានមិនពិត។ លោកថ្លែងប្រាប់ Forbes ថា «ការរើសអើង និងកង្វះភាពជឿជាក់គឺជាបញ្ហាមួយ។ សៀវភៅមួយក្បាលក្នុងចំណោមសៀវភៅលក់ដាច់ជាងគេរបស់ Robert Kennedy និយាយថា ខ្ញុំចូលចិត្តរកប្រាក់ និងសម្លាប់មនុស្សរាប់លាននាក់ដោយវ៉ាក់សាំង។ ពិតជាគួរឱ្យភ្ញាក់ផ្អើលនៅពេលសៀវភៅនោះលក់ដាច់»។ សហស្ថាបនិករបស់ Microsoft ក៏បានលើកឡើងថា លោកនឹងមិនវិនិយោគទៅលើវិស័យទាំងឡាយណាដែលបង្កអស្ថិរភាព។
ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ Bill Gates និងអតីតភរិយា Melinda French Gates បានបរិច្ចាគប្រាក់រាប់ពាន់លានដុល្លារសម្រាប់ការស្រាវជ្រាវ អភិវឌ្ឍ និងចែកចាយវ៉ាក់សាំង តាមរយៈមូលនិធិមនុស្សធម៌របស់ពួកគេ។ មហាសេដ្ឋីរូបនេះធ្លាប់ក្លាយជាប្រធានបទនៃទ្រីស្ដីបកស្រាយ ឬទ្រីស្ដីឃុបឃិតមួយចំនួនដែលនិយាយថា លោកបំពាក់បច្ចេកវិទ្យានៅក្នុងវ៉ាក់សាំងដើម្បីតាមដានមនុស្ស។
នៅក្នុងការជជែកជាមួយ Forbes លោក Gates ក៏បានឱ្យដឹងថា លោក និងអតីតភរិយា Melinda សង្ឃឹមថា នឹងរក្សាមូលនិធិមនុស្សធម៌របស់ពួកគេឱ្យដំណើរការ ២៥ ឆ្នាំទៀត ដើម្បីផ្ដោតទៅលើដំណោះស្រាយសម្រាប់បញ្ហាជំងឺឆ្លង៕