ប្រធានាធិបតី ហ្សេឡែនស្គី បានថ្លែងថា អ៊ុយក្រែន នឹងមិនចរចាជាមួយ រុស្ស៊ី ឡើយ ក្រោយពី ទីក្រុងមូស្គូ រៀបចំធ្វើប្រជាមតិស្ដីពីការច្របាច់ ៤ តំបន់របស់ អ៊ុយក្រែន ទៅក្នុងទឹកដីរបស់ រុស្ស៊ី។
«ការដែល រុស្ស៊ី ទទួលស្គាល់ការធ្វើប្រជាមតិក្លែងក្លាយគឺជារឿងធម្មតា ការអនុវត្តការប្រឌិតដូចទៅនឹងតំបន់គ្រីមៀ នាពេលកន្លង និងការប្រឹងប្រែងដទៃទៀតដើម្បីរឹបអូសទឹកដីរបស់ អ៊ុយក្រែន គឺស្មើនឹងមិនមានអ្វីត្រូវនិយាយជាមួយ ប្រធានាធិបតីរុស្ស៊ី បច្ចុប្បន្ន» លោក ហ្សេឡែនស្គី ថ្លែងតាមរយៈវីដេអូជាមួយ ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិ កាលពីថ្ងៃទី ២៧ កញ្ញា។
ប្រធានាធិបតីអ៊ុយក្រែន បានហៅការធ្វើប្រជាមតិរបស់ រុស្ស៊ី នៅលើទឹកដីរបស់ អ៊ុយក្រែន ថាជា «ល្បែងត្លុក»។ លោក ហ្សេឡែនស្គី អះអាងថា តួលេខស្ដីពីលទ្ធផលនៃការបោះឆ្នោតប្រជាមតិត្រូវបានកំណត់ជាមុនរួចហើយ។
ការបោះឆ្នោតប្រជាមតិស្ដីពីការច្របាច់បញ្ចូលទឹកដី ៤ តំបន់របស់ អ៊ុយក្រែន គឺ Donetsk, Luhansk, Zaporizhzhia និង Kherson ដែលប្រហែលនឹង ១៥% នៃទឹកដីរបស់ អ៊ុយក្រែន ទៅក្នុងទឹកដីរបស់ រុស្ស៊ី ត្រូវបានធ្វើឡើងក្នុងរយៈពេល ៥ ថ្ងៃ ចាប់ពីថ្ងៃទី ២៣ កញ្ញា។
លទ្ធផលបឋមនៃការរាប់សន្លឹកឆ្នោតកាលពីថ្ងៃទី ២៧ កញ្ញា បង្ហាញថា អត្រាគាំទ្រឱ្យមានការច្របាច់ទឹកដីអ៊ុយក្រែន ទៅក្នុងទឹកដីរុស្ស៊ី ឡើង-ចុះ ពី ៨៧% ទៅ ៩៨.៥%។ លទ្ធផលផ្លូវការចុងក្រោយអាចនឹងត្រូវបានប្រកាសឆាប់ៗនៅថ្ងៃនេះ សម្រាប់តំបន់ Zaporizhzhia។
មេដឹកនាំសភាជាន់ខ្ពស់រុស្ស៊ី បានឱ្យដឹងថា សភារុស្ស៊ី អាចនឹងពិនិត្យលើការបង្រួបបង្រួមជាមួយតំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson នៅថ្ងៃទី ០៤ តុលាខាងមុខ។