Skip to content

ជប៉ុន ប្រារព្ធ​ពិធី​បូជា​ភ្លើង​សព​លោក ស្ហី​ន​ហ្សូ អា​បេ (Shinzo Abe) នៅថ្ងៃនេះ

ពិធី​បូជាសព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស្ហី​ន​ហ្សូ អា​បេ គ្រោង​នឹង​ចាប់ផ្ដើម​នៅវេលា​ម៉ោង ១៤ ថ្ងៃទី ២៧ កញ្ញា​នេះ (ម៉ោង ១២ នៅ កម្ពុជា) នៅឯ​សាល​ប្រកួត​ក្បាច់គុន Nippon Budokan ក្នុង រាជធានី​តូ​ក្យូ។

រដ្ឋមន្ត្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ត្រី​ជប៉ុន Hirokazu Matsuno នឹង​ឡើង​ថ្លែងការណ៍​ចាប់​ចាប់​ពិធី​បូជាសព​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ស្ហី​ន​ហ្សូ អា​បេ នៅថ្ងៃនេះ។ បន្ទាប់មក នាយករដ្ឋមន្ត្រី Fumio Kishida និង​ក្រុមមន្ត្រី​ជាន់ខ្ពស់​ជប៉ុន រួម​នឹង​អតីត​នាយករដ្ឋមន្ត្រី Yoshihide Suga នឹង​អាន​សុន្ទរកថា រម្លឹក​វិញ្ញាណក្ខន្ធ​លោក អា​បេ។

យោងតាម​ប្រពៃណី ព្រះ​ចៅ​អធិរាជ​ជប៉ុន Naruhito និង​ព្រះ​មហេសី Masako, អតីត​ព្រះ​ចៅ​អធិរាជ​ជប៉ុន Akihito និង​មហេសី នឹងមិន​យាង​ចូលរួម​ពិធី​បូជាសព ប៉ុន្តែ​ទ្រង់​ចាត់​តំណាង​មក​ជំនួស។ សមាជិក​ផ្សេងទៀត​របស់​រាជវង្ស​ជប៉ុន មានដូចជា រាជទាយាទ Akishino និង​មហា​សី Kiko នឹងដាក់​កម្រ​ផ្កា​រំលែក​ទុក្ខ។ បន្ទាប់មកទៀត ភ្ញៀវសំខាន់ៗដែល​ចូលរួម​បុណ្យសព នឹង​ឡើង​ថ្លែងការណ៍​ជា​បន្តបន្ទាប់ ដើម្បី​ជាការ​ចូលរួម​រំលែក​ទុក្ខ​នៃ​គ្រួសារ​សព។

ពិធី​បុណ្យសព​នេះ​នឹង​បញ្ចប់​ដោយ​ការ​ដង្ហែ​ធាតុ​របស់​សព​លោក អា​បេ និង​ដាក់​កម្រ​ផ្កា​ដើម្បី​ជាការ​គោរព​ដល់​វិញ្ញាណក្ខន្ធ។ បច្ចុប្បន្ន មិនមាន​ព័ត៌មាន​ច្បាស់លាស់​អំពី​ទី​តម្កល់ ឬ​បញ្ចុះធាតុ​របស់​សព​លោក អា​បេ នៅឡើយ។ ប៉ុន្តែ មុន​នោះ មាន​ដំណឹង​ថា ធាតុ​លោក អា​បេ អាច​នឹង​ត្រូវបាន​ដង្ហែ​យកទៅ​កាន់​ស្រុកកំណើត​នៅឯ​ខេត្ត Yamaguchi និង​បញ្ចុះ​នៅក្នុង​ទី​បញ្ចុះសព​របស់​គ្រួសារ នៅក្បែរ​ផ្នូរ​របស់​ឪពុក​លោក គឺ​លោក Shintaro Abe។

ពិធី​បុណ្យសព​របស់លោក អា​បេ គ្រោង​នឹង​អូសបន្លាយ​ពេល ១ ម៉ោង​កន្លះ ដោយមាន​ការចូលរួម​របស់​ភ្ញៀវ​ប្រមាណ ៧០០ នាក់ ក្នុងនោះ​មាន​មេដឹកនាំ និង​អតីត​មេដឹកនាំ​មកពី ៥០ ប្រទេស​ផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *