ក្រុមមន្ត្រីហ្វ៊ីលីពីន បានប្រកាសថា ប្រទេសនេះនឹងបិទទ្វារក្រុមហ៊ុនល្បែងបរទេសចំនួន ១៧៥ ស្ថាប័ន និងបណ្ដេញបុគ្គលិកជនជាតិចិន ប្រហែល ៤ ម៉ឺននាក់។
«ការបោសសម្អាតត្រូវបានធ្វើឡើងបន្ទាប់ពីមានរបាយការណ៍ស្ដីពីសកម្មភាពសម្លាប់មនុស្ស ចាប់ជំរិត និងអំពើឃោរឃៅរបស់ ពលរដ្ឋចិន ដែលធ្វើទៅលើអ្នកមកពីស្រុកជាមួយគ្នារបស់ពួកគេ» អ្នកនាំពាក្យរបស់ ក្រសួងយុត្តិធម៌ហ្វ៊ីលីពីន Jose Dominic Clavano កាលពីថ្ងៃទី ២៦ កញ្ញា បានប្រកាសដូច្នេះ។
លោក Clavano ឱ្យដឹងថា មូលហេតុដែលនាំឱ្យអាជ្ញាធរបិទទ្វារក្រុមហ៊ុនទាំង ១៧៥ ស្ថាប័នខាងលើ គឺដោយសារអាជ្ញាបណ្ណអាជីវកម្មរបស់ក្រុមហ៊ុនទាំងនោះអស់សុពលភាព ត្រូវរឹបអូស ឬដោយសារមិនបានទូទាត់បំណុលដល់រដ្ឋាភិបាលហ្វ៊ីលីពីន។ ចំណែកការបណ្ដេញពលរដ្ឋចិនឱ្យទៅស្រុកវិញ នឹងចាប់ផ្ដើមធ្វើឡើងពីខែតុលាខាងមុខ។
ស្ថានទូតចិនប្រចាំហ្វ៊ីលីពីន បានប្រកាសថា ទីក្រុងប៉េកាំង គាំទ្រសកម្មភាពខាងលើរបស់ អាជ្ញាធរហ្វ៊ីលីពីន។ ស្ថាប័ននេះបានអះអាងថា រដ្ឋាភិបាលចិន ប្ដេជ្ញាប្រឆាំងនឹងល្បែងស៊ីសង ហើយថា នឹងចាត់វិធានការតឹងរឹងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើនេះ»។