Skip to content

បុរស​ម្នាក់​ត្រូវ​ចាប់ខ្លួន​ព្រោះតែ​ផ្លុំ​អា​ម៉ូ​នី​កា​ដើម្បី​គោរព​រម្លឹក​វិញ្ញាណក្ខន្ធ អតីត​មហាក្សត្រី​អង់គ្លេស

បុរស​ម្នាក់​ត្រូវបាន​ប៉ូលិស​ហុងកុង​ចាប់ខ្លួន ដោយសារតែ​បាន​ប្រើប្រាស់​ឧបករណ៍​ភ្លេង​អា​ម៉ូ​នី​កា លេង​បទ​គោរព​ទង់ជាតិ​អង់គ្លេស និង​បទ «ជូនពរ​សេរី​សួស្ដី​ដល់​ហុងកុង»។

កាលពី​ថ្ងៃទី ១៩ កញ្ញា ចក្រភព​អង់គ្លេស បាន​ប្រារព្ធ​ព្រះ​រាជពិធី​បញ្ចុះ​ព្រះ​សព​អតីត​មហាក្សត្រី Elizabeth ទី ២ ដោយមាន​ការចូលរួម​ពី​ឥស្សរជន​នយោបាយ និង​ក្សត្រា ក្ស​ត្រី ប្រមាណ ៥០០ រូប មកពី​បណ្ដា​ប្រទេស​ក្នុង​ពិភពលោក។ នៅ ហុងកុង នៅពេល​មេឃងងឹត ខាងក្រៅ​ស្ថានទូត​អង់គ្លេស ក៏​នៅមាន​មនុស្សម្នា​មក​គោរព​វិញ្ញាណក្ខន្ធ​របស់ អតីត​មហាក្សត្រី​អង់គ្លេស។

នៅក្នុង​អំឡុងពេល​ខាងលើ បុរស​ម្នាក់​ដែល​ត្រូវបាន​គេ​ជឿថា កំពុង​ប្រើប្រាស់​ឧបករណ៍​ភ្លេង​អា​ម៉ូ​នី​កា ផ្លុំ​បទ​ភ្លេង​មួយចំនួន​ដូចជា បទ​គោរព​ទង់ជាតិ​អង់គ្លេស និង​បទ “Glory to Hong Kong” (ជូនពរ​សេរី​សួស្ដី​ដល់​ហុងកុង) ដែលជា​បទ​ភ្លេង​បាតុកម្ម​នៅ​ទីក្រុង​នេះ​ជាដើម ត្រូវបាន​ចាប់ខ្លួន។

ប៉ូលិស​ហុងកុង បានឱ្យដឹងថា នៅវេលា​ម៉ោង ៩ កន្លះ បុរស​រស់នៅក្នុង​តំបន់​ម្នាក់ អាយុ ៤៣ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​នៅក្បែរ​ផ្លូវ​តុលាការ​លេខ ១ ដោយ​ត្រូវបាន​ចោទថា ធ្វើ​សកម្មភាព​ញុះញង់ រំលោភ​លើ​មាត្រា​ទី ៩ នៃ​ក្រមព្រហ្មទណ្ឌ​របស់ ហុងកុង។ បច្ចុប្បន្ន បុរស​នេះ​កំពុង​ត្រូវបាន​ឃុំខ្លួន​បណ្ដោះអាសន្ន​ដើម្បី​ធ្វើការ​ស៊ើបអង្កេត។

Leave a Reply

Your email address will not be published. Required fields are marked *