Skip to content

ប្រទេស​ថៃ លុបកូវីដ-១៩ ចេញពី​បញ្ជី​ឈ្មោះ​ជំងឺ​ដែល​ត្រូវ​ហាម​ចូល​ប្រទេស​

អ្នក​នាំពាក្យ​រង​របស់​ រដ្ឋាភិបាល​ថៃ បាន​លើក​ឡើង​ថា កូវីដ-១៩ នឹង​លែង​ស្ថិត​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ស្ដី​ពី​ជំងឺ​ដែល​ត្រូវ​ហាម​ចូល​ ឬ​ស្នាក់​នៅ​ក្នុង​ប្រទេស​នេះ​។

នាថ្ងៃទី ២០ កញ្ញា​នេះ គណៈរដ្ឋមន្ត្រី​ថៃ បាន​អនុម័ត​លើ​បទបញ្ជា​​មួយ​ដែល​លុប​កូវីដ-១៩ ចេញពី​បញ្ជី​ឈ្មោះ​ស្ដីពី​ជំងឺ​ដែល​ត្រូវ​ហាម​ឃាត់​ការ​ផ្ដល់​ទិដ្ឋាការ​ចូល​មក​ប្រទេស​នេះ។ អ្នក​នាំពាក្យ​រង​របស់ រដ្ឋាភិបាល​ថៃ លោក​ស្រី Rachada Dhnadirek បាន​ឱ្យ​ដឹង​ថា បទបញ្ជា​នេះ​មាន​សុពលភាព​ភ្លាម​ៗ​បន្ទាប់​ពីត្រូវ​បាន​ប្រកាស​ ហើយ​ថា​គ្រោង​នឹង​ប្រកាស​នា​ពេល​ឆាប់ៗ​នេះ​។

ស្ថានភាព​ និង​ជំងឺ​ដែល​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​ត្រូវ​ហាមឃាត់​​ការ​ផ្ដល់​ទិដ្ឋាការ​ ឬ​ហាម​ការ​ចូល​មក​ប្រទេស​ថៃ​ ​រួម​មាន ជំងឺ​ឃ្លង់ ជំងឺ​របេងស្ថិត​ក្នុង​ដំណាក់​កាល​គ្រោះ​ថ្នាក់ ជំងឺជើង​ដំរី មនុស្ស​ញៀន​ថ្នាំ​ញៀន អ្នក​ញៀន​នឹង​គ្រឿង​ស្រវឹង​រ៉ាំរ៉ៃ និង​ជំងឺ​ស្វាយដំណាក់​កាល​ទី ៣។

ក្នុង​ថ្ងៃ​ដដែល​នេះ ក្រសួង​សុខាភិបាល​ថៃ បាន​ប្រកាស​ថា​ ក្នុង​អំឡុង​ ២៤ ម៉ោង​កន្លង ប្រទេស​នេះ​មានអ្នក​ស្លាប់​ចំនួន ១៥ នាក់ ដោយ​សារ​ជំងឺ​កូវីដ-១៩ និង​ករណី​ឆ្លង​ថ្មី​ចំនួន ៧៧៤​ នាក់​។

ករណី​ឆ្លង​ថ្មី​ប្រចាំ​ថ្ងៃ​ជាមធ្យម​ក្នុង​អំឡុង ១៤ ថ្ងៃ​ គិត​ត្រឹម​ថ្ងៃទី ២០​ កញ្ញា​ នៅ​ ប្រទេ​សថៃ គឺ​ ៩៥៨​ នាក់ ថយចុះជិត​ពាក់កណ្ដាល​ បើធៀប​នឹង​ ១,៦៦៥ ករណី​/​ថ្ងៃ ក្នុង​អំឡុង ១៤ ថ្ងៃ គិត​ត្រឹម​ថ្ងៃទី ៧ កញ្ញា​៕

Leave a Reply

Your email address will not be published. Required fields are marked *