រញ្ជួយដីកម្លាំង ៧.៤ រិចទ័រ នៅភាគខាងលិចនៃប្រទេសម៉ិកស៊ិក បណ្ដាលឱ្យប្រជាជនភ័យស្លន់ស្លោ នៅពេលវាកើតឡើងចំថ្ងៃរម្លឹកខួបនៃគ្រោះមហន្តរាយរញ្ជួយដី ២ លើក ដែលបានកើតឡើងកាលពីឆ្នាំ ១៩៨៥ និង ២០១៧។
ស្ថាប័នគ្រប់គ្រងគ្រោះរញ្ជួយធរណីរបស់ ម៉ិកស៊ិក បានឱ្យដឹងថា គ្រោះរញ្ជួយដីថ្មីនេះកើតឡើងនៅថ្ងៃទី ១៩ កញ្ញា ដោយចំណុចកណ្ដាលស្ថិតនៅក្បែរឆ្នេរមហាសមុទ្រប៉ាស៊ីហ្វ៊ិក ជម្រៅ ១៥ គីឡូម៉ែត្រ និងមានចម្ងាយពីរ រដ្ឋធានីម៉ិកស៊ីកូ ប្រហែល ៤០០ គីឡូម៉ែត្រ ទៅទិសខាងលិច។
ការប្រកាសអាសន្នអំពីគ្រោះរញ្ជួយដីនៅ ម៉ិកស៊ីកូ បានបន្លឺឡើង មួយម៉ោងក្រោយពីរដ្ឋធានីនេះបានធ្វើការហ្វឹកហ្វឺនបន្ទាន់ ដែលជាផ្នែកមួយដើម្បីរម្លឹកដល់ខួបគ្រោះមហន្តរាយកាលពីឆ្នាំ ១៩៨៥ និង ២០១៧។
ប្រធានាធិបតី Andres Manuel Lopez Obrador បានបង្ហោះសារលើ Twitter ថា មនុស្សម្នាក់បានស្លាប់ដោយសារវត្ថុបែកបាក់បានធ្លាក់ទៅលើមជ្ឈមណ្ឌលពាណិជ្ជកម្មមួយនៅ Manzanillo ភាគខាងលិចរបស់រដ្ឋ Colima។
«នោះគឺជាហេតុការណ៍ចៃដន្យដ៏គួរឱ្យភ័យខ្លាច! ហេតុអ្វីបែរជាកើតឡើងចំថ្ងៃនេះ?» លោកយាយ Laura Resendiz វ័យ ៧៣ ឆ្នាំ បានថ្លែងដូច្នេះ នៅខាងក្រៅអគារដែលគាត់រស់នៅ ក្នុង រដ្ឋធានីម៉ិកស៊ីកូ។
នេះគឺជាគ្រោះរញ្ជួយដីធំទី ៣ ដែលកើតឡើងនៅ ប្រទេសម៉ិកស៊ិក ក្នុងថ្ងៃទី ១៩ កញ្ញា។ អាជ្ញាធរគ្រប់គ្រងគ្រោះរញ្ជួយដីរបស់ប្រទេសនេះបានឱ្យដឹងថា នេះគឺជាហេតុការណ៍ចៃដន្យធម្មតា។ «ពុំមានមូលហេតុបែបវិទ្យាសាស្ត្រណាមួយដើម្បីបកស្រាយឡើយ»។
ក៏ប៉ុន្តែ នៅក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋសាមញ្ញ ហេតុការណ៍នេះបានធ្វើឱ្យពួកគេដាក់សំណួរជាច្រើនទាក់ទងនឹងអប្បិយជំនឿផ្សេង៕