Skip to content

ព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ បាន​ដង្ហែ​ដល់​ទីស្ងប់​សុខ​ចុង​ក្រោយ និង​បាន​បញ្ចុះរួច​រាល់

ព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ ត្រូវ​បាន​ដង្ហែ​ទៅ​ដល់​វិមាន​ Windsor ជាទី​ដែល​ទ្រង់​នឹង​ត្រូវ​បាន​បញ្ចុះ​នៅ​ក្បែរ​ស្វាមីរបស់​ទ្រង់ ​គឺ​ព្រះអង្គម្ចាស់ Philip។

ព្រះទីន័ង​ដឹក​​ព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ បាន​ទៅ​ដល់​វិមាន Windsor កាល​ពី​រសៀល​ថ្ងៃទី ១៩ កញ្ញា ក្រោយ​ពី​ធ្វើ​ដំណើរ​ជាង​ ៣០ គីឡូម៉ែត្រ ពី​ខ្លោង​ទ្វារ Wellington នៅ​រាជធានីឡុងដ៍​របស់​ អង់គ្លេស​។ ប្រជាជន​ឈរ​នៅ​តាម​ដងផ្លូវ​ដែល​ក្បួន​ដង្ហែព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ ឆ្លង​កាត់​។ មនុស្ស​មួយចំនួន​នាំ​គ្នា​បាច​ផ្កា និង​អ្នក​ខ្លះ​ហ៊ោ​ដើម្បី​យាង​ដំណើរ​អតីត​មហាក្សត្រី​។

ពិធី​បញ្ចុំ​ព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ ដែល​មាន​ភ្ញៀវ​ចូល​រួម​ប្រមាណ ៨០០ នាក់​ ត្រូវ​បាន​ធ្វើឡើង​នៅ​វិហារ St George ក្នុង​សួន​របស់​​វិមាន Windsor មុនពេល​ព្រះសព​ត្រូវ​បាន​បញ្ចុះ។ ក្រុម​មេដឹកនាំ​សាសនា​អានធម៌​អធិដ្ឋាន មុន​ពេល​មកុដ ដំបងរាជ និង​គ្រាប់​បាល់​រាជាធិបតេយ្យ ដែល​ជា​វត្ថុ​តំណាង​ឱ្យ​របប​រាជានិយម ត្រូវ​បាន​លើក​ឡើង​ពី​ព្រះសព និង​ដាក់​នៅ​លើអាសនៈ។

បន្ទាប់​មក ចៅហ្វាវាំង ​មន្ត្រី​ជាន់​ខ្ពស់​បំផុត​ដែល​បម្រើ​រាជវង្ស ធ្វើ​ពិធី​កាច់​បំបាក់​ដំបងរាជជា​​ ២ កំណាត់ ហើយ​ដាក់​​ទៅ​លើ​ព្រះសព​ ដើម្បី​បង្ហាញ​អំពីការ​បញ្ចប់​​ដំណាក់​កាល​បម្រើ​ប្រទេស​ជាតិ និង​បញ្ចប់​រជ្ជកាល​របស់ អតីត​មហាក្សត្រី Elizabeth ទី ២។

ក្រោយ​មក ព្រះសព​អតីត​មហាក្សត្រី Elizabeth ទី ២ ត្រូវ​បាន​ដាក់​បញ្ចុះ​ទៅ​ក្នុង​ផ្នូរ​សម្រាប់ព្រះ​សព​របស់​​រាជវង្ស។

ពិធី​ត្រូវ​បាន​បញ្ចប់​នៅ​ពេល​ប្រធានគណៈអាចារ្យ​ Canterbury Justin Welby ដែល​ជា​មេដឹកនាំ​វិហារ​គ្រិស្ត​សាសនា​អង់គ្លេស​ អាន​ធម៌​បួងសួង​ និង​ក្រុម​ស្មូត ស្មូត​បទ​ «សូមព្រះប្រទានពរដល់ព្រះមហាក្សត្រី»៕

Leave a Reply

Your email address will not be published. Required fields are marked *