ប្រធានាធិបតីអាម៉េរិក បានថ្លែងថា កងកម្លាំងរបស់ សហរដ្ឋអាម៉េរិក នឹងការពារ កោះតៃវ៉ាន់ បើសិនកោះនេះត្រូវគេវាយប្រហារ ខណៈដែលអះអាងថា គោលនយោបាយ «ចិនតែមួយ» មិនប្ដូរផ្លាស់។
«មានការចូលធ្វើអន្តរាគមន៍ បើសិនការវាយប្រហារមិនធ្លាប់មានពីមុន កើតឡើង» លោក បៃដិន បានឆ្លើយនឹងអ្នកដឹកនាំកម្មវិធី Scott Pelley របស់ទូរទស្សន៍ CBS នៅក្នុងកិច្ចសម្ភាសកាលពីម្សិលមិញ នៅពេលត្រូវបានសួរថា តើសហរដ្ឋអាម៉េរិក «ការពារកោះ (តៃវ៉ាន់)» ឬទេ។
ប្រធានាធិបតីអាម៉េរិក ក៏បានបញ្ជាក់ថា គោលនយោបាយ «ចិនតែមួយ» របស់ វ៉ាស៊ីងតោន មិនប្ដូរផ្លាស់។ «យើងឯកភាពជាមួយនឹងអ្វីដែលបានចុះហត្ថលេខាយូរមកហើយ។ នោះគឺគោលនយោបាយចិនតែមួយ។ យើងមិនលើកទឹកចិត្តឱ្យ កោះតៃវ៉ាន់ ឯករាជ្យ។ នោះគឺជាសិទ្ធិរបស់ពួកគេ» លោក បៃដិន ថ្លែងដូច្នេះ។
នៅពេលត្រូវបានស្នើឱ្យបកស្រាយអំពីការអះអាងរបស់លោក បៃដិន អ្នកនាំពាក្យរបស់ សេតវិមាន អធិប្បាយថា គោលនយោបាយរបស់ សហរដ្ឋអាម៉េរិក ចំពោះ តៃវ៉ាន់ មិនផ្លាស់ប្ដូរ។
កន្លងមក លោក បៃដិន ធ្លាប់បានថ្លែងច្រើនលើកហើយថា អាម៉េរិក និងចូលធ្វើអន្តរាគមន៍ បើសិន កោះតៃវ៉ាន់ រងការវាយប្រហារ ប៉ុន្តែ លោកក៏នៅតែអះអាងថា អាម៉េរិក តែងតែគោរពគោលនយោបាយ «ចិនតែមួយ»។
ភាគីខាងចិនដីគោក និង អាជ្ញាធរចិនកោះតៃវ៉ាន់ មិនទាន់បញ្ចេញប្រតិកម្មអ្វីនៅឡើយ ទាក់ទិននឹងការលើកឡើងរបស់ ប្រធានាធិបតីអាម៉េរិក។
រដ្ឋាភិបាលចិនដីគោក តែងចាត់ទុក កោះតៃវ៉ាន់ ជាផ្នែកមួយនៃទឹកដីរបស់ខ្លួនដែលមិនអាចកាត់ផ្ដាច់ចេញបាន និងរង់ចាំតែការបង្រួបបង្រួម ហើយថានឹងប្រើកម្លាំងបាយបើសិនចាំបាច់។ ចំណែក សហរដ្ឋអាម៉េរិក វិញ បានសន្យាថា «គោរព» គោលការណ៍ «ចិនតែមួយ» ប៉ុន្តែនៅតែបន្តរក្សាទំនាក់ទំនងជាមួយ កោះតៃវ៉ាន់ និងផ្គត់ផ្គង់អាវុធទំនើបៗរបស់កោះនេះ៕