Skip to content

ប្រទេស​ចិន មាន​ផែនការ​ផ្ដល់​សេវាកម្ម​ទេស​ចរណ៍​អវកាស​នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ

ប្រទេស​ចិន មាន​គម្រោង​នាំ​អតិថិជនដំបូងៗរបស់​ពួកគេ ហោះ​ទៅកាន់​ទី​អវកាស​នៅក្នុង​ដំណើរ​ទេសចរណ៍​ក្រោម​គន្លង​គោចរ​ផែនដី​នៅ​ឆ្នាំ ២០២៥។

អ្នកវិទ្យាសាស្ត្រ​ជាន់ខ្ពស់ Yang Yiqiang អតីត​អគ្គនាយក​របស់​គម្រោង​រ៉ុក្កែត Long March 11 កាលពី​ឆ្នាំ ២០១៨ និង​ជា​ស្ថាបនិក​របស់​ក្រុមហ៊ុន​អវកាស CAS Space ដែល​ទទួលបាន​ការគាំទ្រ​ដោយ​រដ្ឋាភិបាល​ចិន បាន​ព្យាករ​ថា សេវាកម្ម​ទេសចរណ៍​អវកាស​បែប​ពាណិជ្ជកម្ម​នឹង «ផ្ទុះ​ការពេញនិយម» នា​ប៉ុន្មាន​ឆ្នាំ​ខាងមុខ។

«ដោយមាន​ការកែ​លំអរូប​មន្ត​ពាណិជ្ជកម្ម ប្រទេស​ចិន គ្រោង​នឹង​ចាប់ផ្ដើម​ផ្ដល់​សេវា​ទេសចរ​ក្រោម​គន្លង​គោចរ​នៅ​ឆ្នាំ ២០២៥ ជាមួយនឹង​តម្លៃ​ប្រមាណ​ពី ២ ទៅ ៣ លាន​យុន (២៨៦,០០០ ដល់ ៤៣០,០០០ ដុល្លារ​អាម៉េរិក)។ នេះ​បើតាម​សារព័ត៌មាន Global Times ស្រង់​សម្ដី​របស់លោក Yang ចុះផ្សាយ​កាលពី​ថ្ងៃទី ១៧ កញ្ញា។

លោក Yang បានឱ្យដឹងថា ទេសចរណ៍​ក្រោម​គន្លង​គោចរ​របស់​ផែនដី​បាន​រីកចម្រើន​ជាង​មុន​ទាក់ទង​នឹង​បញ្ហា​បច្ចេកទេស ធៀប​នឹង​ប្រភេទ​ទេសចរណ៍​អវកាស​ដទៃ និង​សមស្រប​សម្រាប់​មនុស្ស​ស្ទើរតែ​គ្រប់គ្នា។ ការហោះហើរ​នាពេល​អនាគត​របស់ ប្រទេស​ចិន អាច​នាំ​អតិថិជន ៧ នាក់/ជើង ឡើងទៅ​កាន់​ជាន់​ខាងលើ​នៃ​បន្ទាត់ Karman ក្នុង​រយៈកម្ពស់​ជាង ១០០ គីឡូម៉ែត្រ ជាទី​ដែល​ត្រូវបាន​ចាត់ទុកថា​ជា​ព្រំដែន​រវាង​បរិយាកាស​ផែនដី និង​បរិយាកាស​ខាងក្រៅ​ផែនដី។ ការហោះហើរ​នេះ​នឹងមាន​រយៈពេល​ប្រហែល ១០ នាទី ក្នុងនោះ អតិថិជន​នឹងមាន​ពេល​ច្រើន​នាទី​ដើម្បី​ទទួលយក​បទពិសោធន៍​ក្នុង​បរិស្ថាន​មិនមាន​ទម្ងន់។

រូបភាពបង្ហាញអំពីជើងហោះហើរទៅកាន់ក្រោមគន្លងគោចរដោយរ៉ុក្កែត និងយានអវកាសរបស់ CAS Space

នៅក្នុង​ប្រកាស​មួយ​កាលពី​ឆ្នាំ​កន្លង CAS Space បាន​និយាយថា ពួកគេ​កំពុង​អភិវឌ្ឍ​រ៉ុក្កែត និង​យានអវកាស​ដែល​អាច​ប្រើប្រាស់​ឡើងវិញ សម្រាប់​ដំណើរ​ទេសចរណ៍​អវកាស​នេះ។ នៅពេល​ហោះ​ឡើងដល់​បន្ទាត់ Karman រ៉ុក្កែត​នឹង​ផ្ដាច់ខ្លួន រួច​វិល​ត្រលប់​មកកាន់​បរិយាកាស ចុះចត​លើ​ផែនដី​ដោយ​ប្រើប្រាស់​ម៉ាស៊ីន​រ៉ុក្កែត ខណៈដែល​យានអវកាស​បន្ត​ហោះហើរ និង​ចុះចត​ដោយ​ប្រព័ន្ធ​ឆត្រយោង។

សេវាកម្ម​ទេសចរណ៍​អវកាស​បែប​ពាណិជ្ជកម្ម​របស់ ប្រទេស​ចិន នឹង​ផ្ទុះ​ការពេញនិយម​នៅ​ឆ្នាំ ២០២៧ នៅពេល​ប្រទេស​នេះ​ដាក់ពង្រាយ​រួចរាល់​នូវ​ប្រព័ន្ធ​ផ្កាយរណប​ដ៏​ធំ និង​នៅពេល​មាន​រ៉ុក្កែត​ដែល​អាច​ប្រើប្រាស់​ឡើងវិញ។

ចិន គឺជា​ប្រទេស​ដែល​ចាប់ផ្ដើម​ដំណើរការ​សកម្មភាព​ស​ម្រា​ប់ទេស​ចរណ៍​អវកាស​បែប​ពាណិជ្ជកម្ម​ក្រោយ​គេ ធៀប​នឹង​មហាអំណាច​មួយចំនួន ប៉ុន្តែ​កំពុងតែ​ដុតដៃដុតជើង​ដើម្បី​បង្កើនល្បឿន ក្នុងនោះ​មាន ៣៧០ ក្រុមហ៊ុន​បាន​លោត​ចូលក្នុង​វិស័យ​អវកាស​ពាណិជ្ជកម្ម គិត​ត្រឹម​ឆ្នាំ​កន្លង។ នេះ​បើតាម​ព័ត៌មាន​ពី​ថ្នាល​ព័ត៌មាន​ពាណិជ្ជកម្ម Qichacha៕

Leave a Reply

Your email address will not be published. Required fields are marked *