ទីប្រឹក្សាជាន់ខ្ពស់របស់ មហាក្សត្រី Zulu នៅ អាហ្វ្រិកខាងត្បូង ត្រូវបានគេបាញ់សម្លាប់កាលពីថ្ងៃទី ១៧ កញ្ញា នៅខាងក្រៅព្រឹត្តិការណ៍ប្រពៃណី។
លោក Dumisani Blasius Khumalo «ត្រូវបានធ្វើឃាតដោយក្រុមខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណ» បន្ទាប់ពីបានចូលរួមពិធីរបាំមួយនៅ Nongoma។ នេះបើតាមប្រកាសរបស់ Sihle Zikalala ដែលជាសមាជិកសភាក្នុងតំបន់។
មនុស្សប្រហែល ១ ម៉ឺននាក់ កាលពីថ្ងៃទី ១៩ កញ្ញា បានប្រមូលផ្ដុំគ្នានៅក្នុងទីរួមស្រុក Nongoma ដែលជាតំបន់មួយរបស់ជនជាតិ Zulu នៅភាគអាគ្នេយ៍នៃខេត្ត KwaZulu-Natal របស់ អាហ្វ្រិកខាងត្បូង ដើម្បីចូលរួមព្រឹត្តិការណ៍របាំប្រពៃណី។
នៅក្នុងពិធីដែលមានអាយុកាលរាប់សតវត្សរ៍មកហើយនេះ ក្រុមនារីរបាំនឹងសម្ដែងក្បាច់រាំនៅចំពោះព្រះភក្ត្រស្ដេចរបស់ជនជាតិ Zulu ដែលជាជនជាតិភាគច្រើនជាងគេនៅ ប្រទេសអាហ្វ្រិកខាងត្បូង ដោយមានប្រជាជនប្រមាណ ១១ លាននាក់ ស្មើនឹងជិត ១/៥ នៃប្រជាជនសរុបរបស់ប្រទេសនេះ។ នេះគឺជាពិធីរបាំប្រពៃណីដំបូងរបស់ស្ដេច Zulu MisuZulu Zulu ដែលបានឡើងគ្រងរាជកាលពីខែកន្លង។
ក្រុមអ្នកប្រឆាំងនឹងមេដឹកនាំថ្មីរបស់ជនជាតិ Zulu មុននោះបានគំរាមថានឹងមានការបង្ហូរឈាមមួយកើតឡើង បើសិនពិធីរបាំប្រពៃណីនេះត្រូវបានធ្វើឡើង។
លោក Khumalo ប្រធានទីប្រឹក្សារបស់ស្ដេច MisuZulu Zulu គឺជាអ្នកទទួលខុសត្រូវក្នុងការដោះស្រាយវិវាទនៅក្នុងសហគមន៍ជនជាតិ Zulu។ នៅ ប្រទេសអាហ្វ្រិកខាងត្បូង ជម្លោះមួយចំនួនត្រូវបានដោះស្រាយនៅក្នុងតុលាការបែបបុរាណ ជំនួសឱ្យស្ថាប័នយុត្តិធម៌របស់រដ្ឋ។
«គាត់ (លោក Khumalo) មានភក្ដីភាពខ្លាំងណាស់ ចំពោះរាជវង្ស និងធ្លាប់ធ្វើការយ៉ាងសកម្មជាមួយនឹងបិតារបស់ស្ដេច MisuZulu» Khaya Ndwandwe អ្នកជំនាញផ្នែកវប្បធម៌ Zulu ឱ្យដឹងដូច្នេះ។
បន្ទាប់ពីស្ដេច Goodwill Zwelithini របស់ Zulu បានចូលទិវង្គតកាលពីឆ្នាំកន្លង ក្រោយពីឡើងគ្រងរាជបាន ៥០ ឆ្នាំ វិវាទទាក់ទិននឹងសិទ្ធិស្នងរាជក៏បានផ្ទុះឡើង។ ស្ដេច MisuZulu ត្រូវបានទទួលស្គាល់ដោយប្រធានាធិបតី Cyril Ramaphosa។ ស្ដេច MisuZulu គឺជាបុត្ររបស់មហេសីទីបីរបស់ស្ដេច Goodwill Zwelithini។
មហាសីទីមួយរបស់ស្ដេច Goodwill Zwelithini បានជំទាស់ទៅនឹងការស្នងរាជរបស់ស្ដេច MisuZulu នៅតុលាការ ប៉ុន្តែត្រូវបានច្រានចោល។
បុត្រាចម្បងរបស់ស្ដេចដែលបានសោយទិវង្គត និងជាបុត្រ «ក្រៅច្បាប់» កាលពីសប្ដាហ៍កន្លង បានដាក់ពាក្យបណ្ដឹង និងប្រកាសថា គាត់ទើបជាអ្នកដែលត្រូវស្នងរាជស្របច្បាប់។ ចំណែកព្រះរៀម និងអនុជរបស់អតីតមហាក្សត្រ Goodwill Zwelithini ក៏បានប្រកាសថា រាជបល្ល័ង្កគឺជារបស់បេក្ខភាពផ្សេងមួយអង្គទៀត។ នៅក្នុងព្រឹត្តិការណ៍កាលពីថ្ងៃទី ១៧ កញ្ញា ស្ដេចថ្មីរបស់ Zulu បានអំពាវនាវឱ្យមាន «សន្តិភាព និងឯកភាពនៅក្នុងពូជអម្បូរ»៕