ប្រទេស​ចិន គ្រប់​គ្រង​មួយ​ផ្នែក​នៃ​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ពី​ ប្រទេស​រុស្ស៊ី

បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia ដែល​តភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ក្នុង​ខេត្ត Hebei និង​​ខេត្ត Shandong នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​ បាន​ដំណើរ​ការ​ជា​ផ្លូវ​ការ​ចាប់​ពីថ្ងៃទី ១៦ កញ្ញា​។

យោង​តាម​សារព័ត៌មាន Sputnik របស់​​ រុស្ស៊ី កាលពី​ថ្ងៃទី ១៦ កញ្ញា ក្រុមហ៊ុន​ដែល​ទទួល​ខុស​ត្រូវ​ក្នុង​ការ​អនុវត្ត​គម្រោង​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia រត់កាត់​ប្រទេស​ចិន PipeChina ប្រកាស​ថា ទីក្រុង​ប៉េកាំង​ បាន​បើក​ដំណើរ​ការ​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​មួយ​កំណាត់​ដែល​នាំ​ចូល​ឧស្ម័ន​ពី​ រុស្ស៊ី​ នៅ​ក្នុង​ក្រប​ខណ្ឌ​នៃ​គម្រោង​ផ្គត់ផ្គង់​ឧស្ម័ន​របស់​​ រុស្ស៊ី​ សម្រាប់​ប្រទេស​ចិន​។

ប្រកាស​ខាងលើ​បាន​បញ្ជាក់​ថា បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia ​តភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ក្នុង​ខេត្ត Hebei និង​​ខេត្ត Shandong នៅ​ភាគ​ខាង​កើត​ប្រទេស​ចិន​ បាន​ដំណើរ​ការ​ជា​ផ្លូវ​ការ​ចាប់​ពីថ្ងៃទី ១៦ កញ្ញា​។

មាន​ព័ត៌មាន​ថា បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ពី​ខេត្ត Hebei ទៅ​​​ខេត្ត Shandong គឺជា​ផ្នែក​ដ៏​សំខាន់​នៃ​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​របស់​ ប្រទេស​ចិន​ ដែល​ត្រូវ​បាន​តភ្ជាប់​ជាមួយ​នឹង​បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia របស់ រុស្ស៊ី​។

មុន​នោះ ឧបនាយករដ្ឋមន្ត្រី​រុស្ស៊ី Alexandr Novak បាន​ឱ្យ​ដឹង​ថា បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia 2 របស់ រុស្ស៊ី​ ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ផ្គត់​ផ្គង់​ឧស្ម័ន​ឱ្យ​ ប្រទេស​ចិន​ ពិត​ជា​អាច​ជំនួស​ Nord Stream pipeline 2។

យោង​តាម​លោក Alexandr Novak ប្រទេស​រុស្ស៊ី និង ចិន នឹង​ចុះហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ផ្គត់ផ្គង់​ឧស្ម័ន ៥០ ពាន់​លានម៉ែត្រ​​គុប​/ឆ្នាំ​ នា​ពេល​ដ៏ខ្លី​ខាងមុខ​។ បរិមាណ​នេះ​ជិត​ស្មើ​នឹង​បរិមាណ​ឧស្ម័ន​ដែល​បង្ហូរ​តាម​បណ្ដាញ​ Nord Stream pipeline 1 (៥៥ ពាន់​លាន​ម៉ែត្រ​គុប) ដែល​បាន​ឈប់ដំណើរ​ការ​តាំង​ពី​ថ្ងៃទី ០២ កញ្ញា​។

បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​ Power of Siberia ដែលភ្ជាប់​ពី រុស្ស៊ី មក​ ចិន​ ​កំពុងត្រូវ​បាន​ប្រើប្រាស់​​នា​បច្ចុប្បន្ន ត្រូវ​បាន​ដាក់​ឱ្យ​ដំណើរ​ការ​កាលពីចុង​ឆ្នាំ​ ២០១៩។ បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័នមាន​​កម្លាំង​បង្ហូរ​ប្រចាំ​ឆ្នាំ​ឡើង​ដល់ ៦១​ ពាន់​លាន​ម៉ែត្រគុប។

បណ្ដាញ​បំពង់​បង្ហូរ​ឧស្ម័ន​នេះថ្មី​របស់​ ចិន និង រុស្ស៊ី នេះ ​ត្រូវ​បាន​គេ​កំណត់​ថា​ជា​ប្រភព​ចំណូល​សំខាន់​របស់ រុស្ស៊ី នៅ​ពេល​ខាងមុខ​ ព្រោះ​ថា អឺរ៉ុប កំពុង​តែ​ប្រឹង​ប្រែង​ដើម្បី​បញ្ចប់​ការ​ពឹង​ផ្អែក​ជា​ប្រវត្តិសាស្ត្រ​ទៅ​លើ​ឧស្ម័ន​របស់​ ប្រទេស​រុស្ស៊ី​៕

Leave a Comment