ក្រុមមន្ត្រីអ៊ុយក្រែន បានឱ្យដឹងថា កងទ័ពប្រទេសនេះបានរកឃើញផ្នូរបញ្ចុះសាកសពរួមដែលកប់មនុស្សជាង ៤៤០ នាក់នៅ Izyum បន្ទាប់ពីបានចូលគ្រប់គ្រងទីក្រុងនេះឡើងវិញ។
«មួយក្នុងចំណោមផ្នូរបញ្ចុះសាកសពធំៗក្នុងទីរួមស្រុកដែលត្រូវបានរំដោះ មានសាកសពជាង ៤៤០ នាក់។ មនុស្សមួយចំនួនស្លាប់ដោយសារគ្រាប់កាំភ្លើងធំ ចំណែកអ្នកខ្លះក៏ស្លាប់នៅក្នុងការវាយប្រហារតាមអាកាស» Serhiy Bolvinov ដែលជាអភិបាលខេត្ត Kharkov នៅភាគឦសាននៃ ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ១៥ កញ្ញា បានឱ្យដឹងដូច្នេះ។
ប្រធានាធិបតីអ៊ុយក្រែន លោក ហ្សេឡែនស្គី យល់ថា កងទ័ពរុស្ស៊ី ត្រូវតែទទួលខុសត្រូវចំពោះ «ផ្នូរបញ្ចុះសពរួម» នៅ Izyum។ លោក ហ្សេឡែនស្គី ក៏បានភ្ជាប់ព្រឹត្តិការណ៍នេះទៅនឹងការចោទប្រកាន់អំពីបទ «សម្លាប់រង្គាលនៅ Bucha» ជាទីរួមស្រុកមួយនៅជាយ រដ្ឋធានីកៀវ ដែលត្រូវបាន អ៊ុយក្រែន លើកឡើងបន្ទាប់ពី រុស្ស៊ី បានបញ្ចប់ដំណាក់ដំបូងនៃយុទ្ធនាការយោធា និងដកទ័ពចេញពីភាគខាងជើងប្រទេសនេះ។
រុស្ស៊ី មិនទាន់មានការអធិប្បាយអ្វីទៅនឹងព័ត៌មានទាក់ទិននឹង «ផ្នូរបញ្ចុះសាកសពរួម» នៅ Izyum នៅឡើយ។ ប៉ុន្តែ កាលពីខែមេសា វិមានក្រឹមឡាំង ធ្លាប់បានច្រានចោលការចោទប្រកាន់របស់ អ៊ុយក្រែន អំពីករណីសម្លាប់រង្គាលនៅ Bucha ដោយប្រកាសថា នេះគឺជាព័ត៌មានប្រឌិត៕