អាជ្ញាធរបេឡារុស បានបង្ហោះវីដេអូមួយស្ដីពី ប្រធានាធិបតី Lukashenko កំពុងពុះឧស និងថ្លែងថា លោកនឹងមិនបណ្ដោយឱ្យ អឺរ៉ុប «ស្លាប់ដោយសារត្រជាក់» ក្នុងរដូវរងានេះឡើយ។
«នេះពិតជាឧសល្អ» ប្រធានាធិបតីបេឡារុស Alexander Lukashenko ថ្លែងនៅពេលកំពុងពុះឧស នៅក្បែរអ្នកជំនួញ Sergey Teterin លើទីលាននៃតំបន់លំហែកាយនៅជាយក្រុង។
វីដេអូនេះត្រូវបានការិយាល័យសារព័ត៌មានរបស់ ប្រធានាធិបតីបេឡារុស បង្ហោះលើ Telegram កាលពីថ្ងៃទី ១៤ កញ្ញា។ «យើងនឹងមិនបណ្ដោយឱ្យ អឺរ៉ុប ស្លាប់ដោយសារធាតុត្រជាក់។ ចូរជួយដល់ពួកគេ ថ្ងៃណាមួយ ពួកគេនឹងជួយយើងវិញក៏ថាបាន» លោក Lukashenko ថ្លែងដូច្នេះ។
ប្រធានាធិបតី Lukashenko យល់ថា បច្ចុប្បន្ន អឺរ៉ុប មិនមានជម្រើសច្រើន ព្រោះថា ប្រការសំខាន់សម្រាប់ពួកគេនាពេលនេះគឺកម្ដៅ។ «យើងត្រូវធានាថា ឧសទាំងនេះនឹងត្រូវបានបញ្ជូនទៅដល់ដៃពលករ កសិករ មិនមែនក្រុមអ្នកមានឡើង» ប្រធានាធិបតីបេឡារុស បញ្ជាក់ដូច្នេះ។
វីដេអូនេះត្រូវបានបង្ហោះនៅក្នុងស្ថានការណ៍ដែលលំហូរឧស្ម័នពី រុស្ស៊ី ទៅកាន់ អឺរ៉ុប កំពុងថយចុះច្រើន បន្ទាប់ពី ទីក្រុងមូស្គូ បើកយុទ្ធនាការយោធាពិសេសនៅ អ៊ុយក្រែន កាលពីខែកុម្ភៈ ២០២២។
ក្រុមប្រទេសនៅ អឺរ៉ុប កំពុងតែរត់រកប្រភពផ្គត់ផ្គង់ថាមពលជំនួសឧស្មានពី រុស្ស៊ី និងសំច័យឧស្ម័នដើម្បីចៀសវាងបញ្ហាខ្វះខាតថាមពលនៅក្នុងរដូវរងាឆ្នាំនេះ។
បេឡារុស គឺជាសម្ព័ន្ធមិត្តរបស់ រុស្ស៊ី ដើរតួនាទីជាកន្លែងប្រមូលផ្ដុំកងទ័ពរបស់ ទីក្រុងមូស្គូ ក្នុងយុទ្ធនាការយោធាពិសេស។ ប្រទេសទាំងពីរនេះសុទ្ធតែត្រូវបាន សហភាពអឺរ៉ុប ដាក់ទណ្ឌកម្មធ្ងន់ធ្ងរមិនធ្លាប់មានពីមុនមក ដើម្បីប្រឆាំងនឹងការឈ្លានពានរបស់ រុស្ស៊ី ទៅលើ អ៊ុយក្រែន៕