ព្រះរាជ​ពិធីដង្ហែព្រះសពអតីតមហាក្សត្រីអង់គ្លេស Elizabeth II

ព្រះ​សព​របស់​អតីត​មហាក្សត្រី​អង់គ្លេស Elizabeth II ត្រូវបាន​ដង្ហែ​នៅលើ​ដងផ្លូវ​ប្រវែង ២ គីឡូម៉ែត្រ ឆ្ពោះទៅកាន់​មហាសាល Westminster ដោយមាន​ការ​អម​តាម​សងខាង​ផ្លូវ ក៏​ដូ​ជា​ជាការ​តាមដាន​របស់​ប្រជាជន​រាប់ពាន់នាក់​នៅ ទីក្រុង​ឡុង​ដ៍។

ព្រះ​សព​របស់​អតីត​មហាក្សត្រី​អង់គ្លេស Elizabeth II កាលពី​ម្សិលមិញ (១៤ កញ្ញា) ត្រូវបាន​តម្កល់​លើ​ព្រះទីន័ង​ដែលមាន​សេះ ៧ ក្បាល​ជា​អ្នក​អូស ចេញដំណើរ​ពី​រាជវាំង Buckingham នៅ​ក្រុង​ឡុង​ដ៍ ចក្រភព​អង់គ្លេស។ រៀងរាល់ ១ នាទី ក្រុម​ទាហាន​បាញ់កាំភ្លើង​ធំ ១ គ្រាប់​ពី​ឧទ្យាន Park Hyde ក្នុងពេល​ដង្ហែ​ព្រះ​សព។

ក្បួន​ដង្ហែឆ្លង​កាត់​វិមាននាឡិកា Big Ben

«យើង​អាច​ដឹងបាន​កម្លាំង​ពី​សំឡេង​តន្ត្រី។ មនុស្សម្នា​ស្ថិតនៅក្នុង​ភាពស្ងប់ស្ងាត់ ទិដ្ឋភាព​ពិតជា​អស្ចារ្យ គួរឱ្យ​រំភើប» Shirley Negal អាយុ ៦៦ ឆ្នាំ ធ្វើដំណើរ​ពី Kent មកកាន់ ក្រុង​ឡុង​ដ៍ ដើម្បី​តាមដាន​ពិធី​ដង្ហែ​ព្រះ​សព ឱ្យដឹង​ដូច្នេះ។

ក្រុម​តន្ត្រី

ពិធី​ដង្ហែ​ព្រះ​សព​ត្រូវបាន​ធ្វើឡើង​ក្នុង​រយៈពេល​ប្រហែល ៤០ នាទី នៅលើ​ដងផ្លូវ​ប្រវែង ២ គីឡូម៉ែត្រ ដោយ​ចាប់ផ្ដើម​ចេញដំណើរ​ពី​រាជវាំង Buckingham ឆ្លងកាត់​ផ្លូវ The Mall និង Whitehall ដើម្បី​ឆ្ពោះទៅកាន់​មហាសាល Westminster។

ខាងលើ​គឺ​ បុត្រ​ចំនួន ៤ អង្គ​របស់ អតីត​មហាក្សត្រី Elizabeth II គឺ​មហាក្សត្រ Charles III, ព្រះ​នាង Anne, ព្រះអង្គម្ចាស់ Andrew និង​ព្រះអង្គម្ចាស់ Edward រួម​នឹង​ព្រះរាជ​នត្តា (ចៅ) ២ អង្គ គឺ​ព្រះអង្គម្ចាស់ William និង Harry យាង​តាម​ពីក្រោយ​ព្រះ​សព​អតីត​មហាក្សត្រី។

ខាងលើគឺ មហា​សី​របស់​មហាក្សត្រ Charles (ខាងឆ្វេង) និង​ព្រះ​នាង Kate គង់​នៅលើ​រថយន្ត បរ​តាម​ពីក្រោយ​ព្រះ​សព​អតីត​មហាក្សត្រី Elizabeth II។

ព្រះ​នាង Sophie (ខាងក្នុង) ដែលជា​មហេសី​របស់​ព្រះអង្គម្ចាស់ Edward និង​ជា​បុត្រ​ប្រសា​របស់ អតីត​មហាក្សត្រី Elizabeth II រួម​នឹង​អ្នក​ម្នាង Meghan ភរិយា​របស់​ព្រះអង្គម្ចាស់ Harry ស្ថិតនៅក្នុង​រថយន្ត បរ​តាម​ពីក្រោយ​ព្រះ​សព។

មនុស្ស​រាប់ពាន់នាក់​ប្រមូលផ្ដុំ​គ្នា​តាម​ដងផ្លូវ The Mall និង Whitehall ដើម្បី​ជាការ​សម្ដែង​ការគោរព និង​សោកសៅ។ ពួកគេ​ខ្លះ​កាន់​ទង់ជាតិ ខ្លះទៀត​កាន់​ផ្កា។

ព្រះទីន័ង​តម្កល់​ព្រះសព ចត​នៅ​ខាង​មុខ​ច្រកចូល​មហា​សាល Westminsterមហាសាល Westminster បើកទ្វារ ២៤ ម៉ោង​រៀងរាល់ថ្ងៃ នៅក្នុង​អំឡុងពេល​តម្កល់​ព្រះ​សព​អតីត​មហាក្សត្រី Elizabeth II នៅទីនេះ។ ប្រជាពលរដ្ឋ​ត្រូវបាន​អនុញ្ញាត​ឱ្យចូល​គោរព សម្ដែង​ការសោកស្ដាយ​ចាប់ពី​ម៉ោង ១៧ ថ្ងៃទី ១៤ កញ្ញា ដល់​ម៉ោង ០៦ កន្លះ ថ្ងៃទី ១៩ កញ្ញា។ តាម​ការប៉ាន់ស្មាន មនុស្ស​រាប់សែន​នាក់​នឹងត្រូវ​បានអនុញ្ញាត​ឱ្យចូល​សម្ដែង​ការគោរព​ចំពោះ​អតីត​មហាក្សត្រី Elizabeth II។

ព្រះសព​ត្រូវ​បាន​តម្កល់​ក្នុង​មហា​សាល​ Westminster

ប្រជាពលរដ្ឋ​មិនត្រូវ​បានអនុញ្ញាត​ឱ្យ​នាំយក​ផ្កា ទៀន ឬ​តុក្កតា​ចូលមកក្នុង​មហាសាល Westminster។ ពួកគេ​ត្រូវ​រក្សា​ភាពស្ងប់ស្ងាត់ និង​មិនត្រូវ​ថតរូប។ ពួកគេ​ត្រូវបាន​ណែនាំ​ឱ្យ​ឈរ​ជា​ជួរ​តាម​បណ្ដោយ​មាត់ទន្លេ Thames និង​ត្រូវ​បានផ្ដល់​ខ្សែដៃ​ដែលមាន​លេខ​សម្គាល់។

រាជទាយាទ William និងព្រះនាង Kate រួមនឹងព្រះអង្គម្ចាស់ Harry និងអ្នកម្នាង Meghan នៅក្នុងរាជពិធីបួងសួងនៅឯ មហាសាល Westminster

ក្នុង​រយៈពេល​ជាង ៧ ទសវត្សរ៍ មហាក្សត្រី Elizabeth II បាន​ដឹកនាំ​រាជវង្ស​អង់គ្លេស និង​ប្រទេស​នេះ​ឆ្លងកាត់​ដំណាក់កាល​លំបាក និង​ឧបសគ្គ​ជាច្រើន​ក្នុង​ប្រវត្តិសាស្ត្រ។

សារព័ត៌មាន​អង់គ្លេស បាន​កោតសរសើរ​ថា មហាក្សត្រី Elizabeth II គឺជា «និម្មិត​រូប​នៃ​ស្ថិរភាព» របស់​ប្រទេសជាតិ​អស់​រយៈពេល​ជាង ៧ ទសវត្សរ៍​កន្លង នៅពេល​រាជាណាចក្រ និង​ប្រជាជន​ត្រូវការ​បង្អែក​ផ្នែក​ស្មារតី ក្នុង​គ្រា​ដែល​កើតមាន​ព្រឹត្តិការណ៍​អាសន្នធំ៕

 

Leave a Comment