ប៉ូលិសថៃ បានឱ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់បានស្លាប់ និងមនុស្ស ២ នាក់ទៀតរងរបួស នៅក្នុងករណីផ្ទុះអាវុធនៅមូលដ្ឋានទ័ពក្នុង រាជធានីបាងកក នាថ្ងៃទី ១៤ កញ្ញានេះ។
អ្នកនាំពាក្យរងរបស់ប៉ូលិសថៃ លោក Kissana Phathanacharoen និយាយថា ជនសង្ស័យត្រូវបានចាប់ខ្លួន ក្រោយពីហេតុការណ៍ផ្ទុះអាវុធមួយបានកើតឡើងនៅសាលា Army War College នៃបញ្ជាការហ្វឹកហ្វឺនកងទ័ព ដែលជាផ្នែកមួយក្នុងបណ្ដុំអគារកងទ័ពនៅភាគខាងជើងនៃ រាជធានីបាងកក នេះបើតាម AFP។
«ករណីផ្ទុះអាវុធបានសម្លាប់មនុស្សម្នាក់ និង ២ នាក់ទៀតរងរបួស ប៉ូលិសក្នុងតំបន់បានគ្រប់គ្រងស្ថានការណ៍។ យើងបានចាប់ខ្លួនជងសង្ស័យម្នាក់» លោក Kissana Phathanacharoen ប្រាប់ AFP ដូច្នេះ។
Bangkok Post ឱ្យដឹងថា អ្នកនាំពាក្យម្នាក់និយាយថា មន្ត្រីទាហានម្នាក់ដែលមានជំងឺផ្លូវចិត្ត បានសម្លាប់មនុស្សម្នាក់ និងបង្ករបួសស្នាមដល់មនុស្សម្នាក់ទៀត ព្រមទាំងគំរាមសម្លាប់មនុស្ស ១០ នាក់។
យោងតាម Bangkok Post ជនសង្ស័យឈ្មោះ Yongyut Mangkornkim អាយុ ៥៩ ឆ្នាំ ត្រូវបានប៉ូលិសចាប់ខ្លួន។ ក៏ប៉ុន្តែ មូលហេតុនៃករណីផ្ទុះអាវុធនេះ មិនទាន់ត្រូវបានដឹងច្បាស់នៅឡើយ។