
ករណីស្លាប់ដំបូងដោយសារការឆ្លងជំងឺអុតស្វាក្នុងឆ្នាំនេះ នៅ សហរដ្ឋអាម៉េរិក ត្រូវបានបញ្ជាក់ថា កើតមាននៅក្នុងរដ្ឋ California។
ស្ថាប័នសុខាភិបាលសាធារណៈនៃទីក្រុង Los Angeles និងមជ្ឈមណ្ឌលគ្រប់គ្រងជំងឺឆ្លង បានបញ្ជាក់ថា ពលរដ្ឋម្នាក់ដែលរស់នៅក្នុងទីក្រុងនេះបានស្លាប់ដោយសារការឆ្លងជំងឺអុតស្វា ក្រោយពីបានចូលពេទ្យ។
ក៏ប៉ុន្តែ ស្ថាប័នសុខាភិបាលរបស់ទីក្រុងខាងលើមិនបានចែករំលែកព័ត៌មានលម្អិតអំពីអ្នកជំងឺ មានដូចជាអាយុ ភេទ ឬជាតិសាសន៍ ដោយលើកមូលហេតុថា ដើម្បី «ការពារព័ត៌មានសម្ងាត់ និងសិទ្ធិឯកជន»។

មុននោះ បុរសម្នាក់នៅក្នុងរដ្ឋ Texas បានស្លាប់ដោយសារតែប្រព័ន្ធការពាររាងកាយចុះទ្រុឌទ្រោម ក្រោយពីត្រូវបានពិនិត្យឃើញថាបានឆ្លងជំងឺអុតស្វា។ ប៉ុន្តែ មូលហេតុចម្បងនៃការស្លាប់នេះមិនទាន់ត្រូវបានរកឃើញនៅឡើយ ដោយកំពុងត្រូវបានស្រាវជ្រាវ។
គិតមកដល់បច្ចុប្បន្ន ករណីឆ្លងជំងឺអុតស្វាជិត ២២ ពាន់នាក់ត្រូវបានរកឃើញនៅ សហរដ្ឋអាម៉េរិក ក្នុងនោះ California គឺជាកន្លែងដែលមានករណីឆ្លងច្រើនជាងគេ ដោយមានជាង ៤ ពាន់ករណី។
ការឆ្លងជំងឺអុតស្វាកម្រធ្វើឱ្យមានការស្លាប់ ដោយស្ទើរតែទាំងនៃករណីឆ្លងនឹងបានជាសះស្បើយក្នុងរង្វង់ពី ២ ទៅ ៤ សប្ដាហ៍។ អង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា អត្រានៃការស្លាប់ដោយសារអុតស្វាគឺប្រហែលពី ៣ ដល់ ៦%។
