Skip to content

មហាក្សត្រី​ដាណឺម៉ាក បាន​ក្លាយជា​មហាក្សត្រ​ដែល​កំពុង​គ្រង​រាជ​យូរ​ជាង​គេ​បង្អស់​នៅ​ទ្វីប​អឺរ៉ុប

បន្ទាប់​ពី​ មហា​ក្សត្រី​អង់គ្លេស Elizabeth II បាន​យាង​ចូល​ទិវង្គតក្រោយ​ការ​គ្រង​រាជ​បាន​ ៧០ ឆ្នាំ មហា​ក្សត្រី​របស់​ ប្រទេស​ដាណឺម៉ាក Margrethe II ក៏​បាន​ក្លាយជា​ស្ដេច​ដែល​កំពុង​គ្រង​រាជ​សម្បត្តិ​យូរ​ជាង​គេ​នៅ​ អឺរ៉ុប ដោយ​ឡើង​សោយ​រាជ​បាន​ ៥០ ឆ្នាំ​។ មហា​ក្សត្រី​ Margrethe II ក៏ត្រូវ​​ជា​​អនុជ​អយ្យិកា​មួយ (​ប្អូន​ស្រីជីដូន​មួយ) ​របស់​ អតីត​មហា​ក្សត្រី​អង់គ្លេស Elizabeth II។

កាលពី​ខែ​មករា ឆ្នាំ​ ២០២២ ប្រទេស​ដាណឺម៉ាក គ្រោង​នឹង​ប្រារព្ធ​ពិធី​គម្រប់​ខួប​ ៥០ ឆ្នាំ នៃ​ថ្ងៃ​ឡើង​គ្រង​រាជ​របស់​ មហា​ក្សត្រី​ Margrethe II ប៉ុន្តែ ដោយ​សារ​កូវីដ-១៩ ព្រឹត្តិការណ៍​នេះ​ក៏​ត្រូវ​បាន​ពន្យារ​ពេល​។

ពិធី​គម្រប់​​ខួប​ ៥០ ឆ្នាំ​នៃ​ការ​ឡើង​សោយ​រាជ​របស់ មហា​ក្សត្រី​ Margrethe II ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ចុង​សប្ដាហ៍​នេះ ប៉ុន្តែ ជា​ថ្មី​ម្ដងទៀត ពិធី​នេះ​ក៏​ត្រូវ​រង​ផល​ប៉ះពាល់​ពី​ការ​សោយ​ទិវង្គត​របស់​ មហា​ក្សត្រី​អង់គ្លេស Elizabeth II (០៨ កញ្ញា ២០២២)។ សារព័ត៌មាន​ដាណឺម៉ាក បាន​ឱ្យ​ដឹង​ថា ពិធី​នេះ​ត្រូវ​បាន​សម្រួល​ដោយ​មហា​ក្សត្រី​ Margrethe II ផ្ទាល់​ ដើម្បី​សម្ដែង​ការ​គោរព​ចំពោះ​ អតីត​មហា​ក្សត្រី​អង់គ្លេស Elizabeth II ដែល​ត្រូវជា​ព្រះរៀម​អយ្យិកា​មួយ (​បងស្រី​ជីដូន​មួយ) ​របស់ទ្រង់​។

មហា​ក្សត្រី​ Margrethe II បច្ចុប្បន្ន​មាន​ព្រះជន្ម​ ៨២ វស្សា។ ទ្រង់​បាន​ឡើង​គ្រង​រាជ​កាលពី​ឆ្នាំ​ ១៩៧២ ក្នុង​ព្រះជន្ម​ ៣១ វស្សា។ កាល​ពី​ទើបឡើង​គ្រង​រាជសម្បត្តិ នៅ​ ដាណឺម៉ាក មាន​ពលរដ្ឋ​តែ​ ៤៥% ប៉ុណ្ណោះ​ដែល​គាំទ្រ​ឱ្យ​មាន​របប​រាជានិយម។ ប៉ុន្តែ មក​ដល់​បច្ចុប្បន្ន តួលេខ​នេះ​បាន​ឡើង​ដល់​ជាង ៨០%​។

ជោគជ័យ​ខាងលើ​គឺ​កើត​ឡើង​ដោយ​សារ​ការ​ប្រឹង​ប្រែង​ក្នុង​ការ​ធ្វើ​ទំនើបកម្ម​របប​រាជានិយម ក្នុងនោះ​មាន​ទាំង​ការ​លើក​ទឹក​ចិត្ត​ដល់​បុត្រា​របស់​មហា​ក្សត្រី​ ​រៀប​អភិសេក​ជាមួយ​ពលរដ្ឋ​សាមញ្ញ​ដែល​មិន​ស្ថិត​ក្នុង​ខ្សែ​រាជវង្ស​ ឬ​ត្រកូល​ខ្ពង់​ខ្ពស់​។

ក្រៅ​ពីនេះ មហា​ក្សត្រី Margrethe II ក៏​ត្រូវ​បាន​វាយ​តម្លៃ​ថាជា​វិចិត្រករ​ជំនាញ​ ធ្លាប់​គូរ​រូប​តំណាង​ដាក់​លើ​សៀវ​ភៅ​ និង​ស្នាដៃ​សិល្បៈ​ជា​ច្រើន​ដែល​ត្រូវ​បាន​ដាក់​តាំង​ក្នុង​សារមន្ទីរ​នានា​ នៅ​ក្នុង​ និង​ក្រៅ​ប្រទេស​។ ទ្រង់​ក៏​ធ្លាប់​ធ្វើ​ការ​ជា​អ្នក​រចនា​ម៉ូដ​សម្លៀក​បំពាក់​ និង​គ្រឿង​តុបតែង​សម្រាប់​សាល​មហោស្រព​បាឡេ​រាជវង្ស​ដាណឺម៉ាកជា​ដើម​។ល។

ក្នុង​នាម​ជា​ភាសាវិទូមួយ​អង្គ មហា​ក្សត្រី Margrethe II របស់ ដាណឺម៉ាក ក៏ធ្លាប់​បានយាង​​ចូល​រួម​ក្នុង​គម្រោង​បកប្រែភាសា​ផងដែរ​៕

មហាក្សត្រី Margrethe II ក៏ត្រូវជាអនុជអយ្យិកាមួយ (ប្អូនស្រីជីដូនមួយ) របស់ អតីតមហាក្សត្រីអង់គ្លេស Elizabeth II (រូបខាងស្ដាំ)

Leave a Reply

Your email address will not be published. Required fields are marked *