Skip to content

ម៉ាស៊ីន​​យានអវកាសរបស់​ក្រុម​ហ៊ុន​ Blue Origin ផ្ទុះខ្ទេច​ ពេល​កំពុង​ហោះ​ឡើង

ប្រព័ន្ធ​ម៉ាស៊ីន​រុញច្រាន​របស់​យានអវកាស New Shepard បាន​ផ្ទុះ​ក្នុងពេល​បាញ់​បង្ហោះ​កាលពី​ម្សិលមិញ ប៉ុន្តែ បន្ទប់​សម្រាប់​ដាក់​មនុ​ស្ស​បែរជា​ចុះចត​ដោយ​សុវត្ថិភាព។

បន្ទប់​ដាក់​មនុ​ស្សរប​ស់​យានអវកាស New Shepard នៃ​ក្រុមហ៊ុន Blue Origin បាន​ដំណើរការ​ប្រព័ន្ធ​រំដោះខ្លួន​ពី​គ្រោះថ្នាក់​កាលពី​ថ្ងៃទី ១២ កញ្ញា បន្ទាប់ពី​ម៉ាស៊ីន​រុញច្រាន​មាន​បញ្ហា មុនពេល​ហោះ​ឡើងដល់​កម្ពស់ ៩,០០០ ម៉ែត្រ។ ប្រព័ន្ធ​រំដោះគ្រោះ​បន្ទាន់​បាន​ដំណើរការ​ដូច​ការគ្រោង​ទុក ដោយ​វា​បាន​រុញច្រាន​បន្ទប់​ដាក់​មនុស្ស​​របស់​យាន​ចេញទៅ​ឆ្ងាយ​ពី​ចំណុច​ផ្ទុះ និង​បាន​ចុះចត​ដោយ​សុវត្ថិភាព​តាមរយៈ​ឆត្រយោង។ Blue Origin នៅតែ​មិនទាន់​រកឃើញ​មូលហេតុ​នៃ​បញ្ហា​ដែល​នាំឱ្យមាន​ហេតុការណ៍​ផ្ទុះ​នេះនៅ​ឡើយ ប៉ុន្តែ គ្រឿង​ម៉ាស៊ីន​របស់​យាន​បាន​ខូចខាត​ទាំងស្រុង។

យានអវកាស New Shepard ហោះ​ឡើង​ពី​ទីលាន​បាញ់​បង្ហោះ​នៅ Texas ខាងលិច របស់ Blue Origin កាលពី​ម៉ោង​ជិត ១០ កន្លះ ព្រឹក​ថ្ងៃទី ១២ កញ្ញា (ម៉ោង​ជិត ២១ កន្លះ នៅ កម្ពុជា)។

នេះ​គឺជា​លើក​ទី​ពីរ​ដែល​កម្មវិធី New Shepard ជួប​បញ្ហា​ក្នុងពេល​បាញ់​បង្ហោះ។ ហេតុការណ៍​លើកទីមួយ​កើតឡើង​កាលពី​ឆ្នាំ ២០១៥ នៅពេល​ម៉ាស៊ីន​រុញច្រាន​ជាន់​ទី​មួយ​​របស់​យាន ធ្លាក់​បុកមក​លើ​ដី ជំនួស​ឱ្យ​ការ​ចុះចតថ្នមៗ ប៉ុន្តែ ទំនិញ​នៅតែ​បាន​ទៅ​ក្បែរ​គន្លង​គោចរ​តាម​ផែន​ការដែល​បានកំណត់។

បេសកកម្ម​លើក​នេះ​របស់ New Shepard មាន​ឈ្មោះថា NS-23។ នេះ​គឺជា​ជើងហោះហើរ​ដឹក​តែ​ទំនិញ​ចំនួន ៣៦ កញ្ចប់​ ក្នុងនោះ​មាន ១៨ កញ្ចប់​គឺជា​របស់ ណា​សា។ បច្ចុប្បន្ន មិនទាន់​ដឹង​ច្បាស់​អំពី​វាសនា​របស់​ទំនិញ​ទាំងនេះ​នៅឡើយ។

New Shepard គឺជា​ប្រព័ន្ធ​ហោះហើរ​ដែល​អាច​ប្រើប្រាស់​ឡើងវិញ​ច្រើន​ដង ក្នុងនោះ​រួមមាន រ៉ុក្កែត​មួយ​ដើម និង​បន្ទប់​ជា​យានអវកាស​មួយគ្រឿង។ Blue Origin កំពុងដំណើរការ​ប្រព័ន្ធ​យានអវកាស ២ ក្រុម ក្នុងនោះ ១ ក្រុម​សម្រាប់​ទេសចរណ៍​អវកាស និង ១ ក្រុម​ទៀត​សម្រាប់​ដឹកទំនិញ។ គិត​មកដល់​បច្ចុប្បន្ន ក្រុមហ៊ុន​នេះ​បាន​បាញ់​បង្ហោះ​យាន​ដឹក​មនុស្ស​ចំនួន ៦ លើក ដោយ​ចាប់ផ្ដើម​ពី​ខែកក្កដា ២០២១។ NS-23 គឺជា​ជើងហោះហើរ​ដឹកទំនិញ​ដំបូង​របស់ Blue Origin ចាប់ពី​ខែសីហា​ឆ្នាំ​កន្លង៕

Leave a Reply

Your email address will not be published. Required fields are marked *