Skip to content

អ៊ុយ​ក្រែ​ន ប្រកាសថា ដណ្ដើម​ទឹកដី​មកវិញ​បាន​ច្រើន​ពាន់​គីឡូម៉ែត្រ​ក្រឡា

ប្រធានាធិបតី​អ៊ុយ​ក្រែ​ន លោក ហ្សេ​ឡែ​ន​ស្គី បានឱ្យដឹងថា កងទ័ព​ប្រទេស​នេះ​ដណ្ដើម​ទឹកដី​មកវិញ​បាន ៦,០០០ គីឡូម៉ែត្រ​ក្រឡា រាប់​ចាប់តាំងពី​ដើមខែ​កញ្ញា និង «កំពុង​ឆ្ពោះទៅមុខ​បន្តទៀត»។

«ចាប់តាំងពី​ដើមខែ​កញ្ញា ទាហាន​របស់​យើង​បាន​រំដោះទឹកដី​អ៊ុយ​ក្រែ​ន ៦,០០០ គីឡូម៉ែត្រ​ក្រឡា នៅ​ភាគ​ខាងកើត និង​ខាងត្បូង។ យើង​កំពុង​ឆ្ពោះទៅមុខ​បន្តទៀត» លោក ហ្សេ​ឡែ​ន​ស្គី ថ្លែង​កាលពី​ថ្ងៃទី ១២ កញ្ញា។ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ក៏បាន​អំពាវនាវ​ដល់​ពិភពលោក «បង្កើន​ការផ្ដល់​ជំនួយ​ដល់ អ៊ុយ​ក្រែ​ន ពិសេស​គឺ​ការផ្ដល់​ប្រព័ន្ធ​ការពារ​ដែនអាកាស»។

ប្រកាស​ខាងលើ​ត្រូវបាន​ធ្វើឡើង​ក្នុងពេល អ៊ុយ​ក្រែ​ន បើក​ការ​វាយបក​នៅក្នុង​ខេត្ត Kharkov ភាគ​ឦសាន​ប្រទេស ចូលទៅ​កាន់កាប់​ឡើងវិញ​ទីក្រុង Izyum, Kupiansk និង Balakliya។ ក្រុម​អ្នកជំនាញ​មកពី​ប្រទេស​លោកខាងលិច វាយតម្លៃថា អ៊ុយ​ក្រែ​ន ដណ្ដើម​ទឹកដី​មកវិញ​បាន​ជិះ ១០% ក្នុងចំណោម​ទឹកដី​ដែល​ត្រូវបាន រុស្ស៊ី កាន់កាប់​តាំងពី​ខែកុម្ភៈ ២០២២ ដែលជា​ដំណាក់កាល​ដំបូង​នៃ​សង្គ្រាម​រវាង រុស្ស៊ី និង អ៊ុយ​ក្រែ​ន។

រុស្ស៊ី មិនទាន់​បញ្ចេញ​ប្រតិកម្ម​អ្វី​នៅឡើយ ទាក់ទិន​នឹង​ការអះអាង​របស់ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ក៏ដូចជា​ការវាយតម្លៃ​របស់​ក្រុម​អ្នកជំនាញ​ខាងលើ។

Leave a Reply

Your email address will not be published. Required fields are marked *