មហាក្សត្រីអង់គ្លេស Elizabeth II បន្សល់ទុកដល់មហាក្សត្រថ្មី Charles នូវទ្រព្យសម្បត្តិឯកជនជាង ៥០០ លានដុល្លារអាម៉េរិក និងអចលនទ្រព្យដែលមានតម្លៃប្រមាណ ២៨ ពាន់លានដុល្លារ។
មហាក្សត្រីអង់គ្លេស Elizabeth II ត្រូវបានចាត់ទុកថាជាស្ដេចមួយអង្គក្នុងចំណោមស្ដេចដែលមានទ្រព្យច្រើនបំផុតក្នុងពិភពលោក ក្នុងនោះមានទាំងវិមាន និងរាជដំណាក់។ល។ ដែលទ្រព្យទាំងនេះ ភាគច្រើនត្រូវបានប្រគល់ថ្វាយមហាក្សត្រថ្មី Charles III បន្ទាប់ពីមហាក្សត្រី Elizabeth II បានយាងចូលទិវង្គត។
បើទោះហាក់ដូចជាសាមញ្ញ ប៉ុន្តែជាក់ស្ដែង រាជសម្បត្តិរបស់ មហាក្សត្រីអង់គ្លេស Elizabeth II និងអ្វីដែលនឹងកើតឡើងចំពោះវាក្រោយពីទ្រង់បានសោយទិវង្គតគឺមានភាពស្មុគស្មាញ។ ភាគច្រើននៃរាជសម្បត្តិនេះត្រូវបានគេដឹងថា ស្ថិតក្នុងក្រុមហ៊ុនរបស់រាជវង្ស ដែលមានតម្លៃ ២៨ ពាន់លានដុល្លារអាម៉េរិក និងត្រូវបានចាត់ទុកថាជា «ក្រុមហ៊ុនគ្រួសារ»។ ក្រៅពីនេះ មហាក្សត្រីអង់គ្លេស Elizabeth II មានរាជសម្បត្តិផ្ទាល់ព្រះអង្គប្រហែល ៥០០ លានដុល្លារទៀត នេះបើតាម Forbes។
ប្រាក់ចំណូលរបស់មហាក្សត្រីអង់គ្លេស Elizabeth II បានមកពីមូលនិធិមួយដែលដកពីខ្ទង់ថវិកាដែលគេហៅថា ប្រាក់ឧបត្ថម្ភាសម្រាប់រាជវង្ស (Sovereign Grant) ដែលទទួលខុសត្រូវក្នុងការ «ផ្ដល់ប្រាក់បៀវត្ស៍» ដល់សមាជិករាជវង្ស។
មូលនិធិខាងលើមានប្រភពពីកិច្ចព្រមព្រៀងមួយកាលពីរាជកាលស្ដេច George III នៅពេលទ្រង់បោះបង់ប្រភពចំណូលពីសភាអង់គ្លេស ដើម្បីទទួលយកខ្ទង់ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំសម្រាប់ព្រះអង្គផ្ទាល់ និងរាជកាលជំនាន់ក្រោយរបស់រាជវង្ស។ ខ្ទង់ប្រាក់នេះត្រូវបានហៅថា ប្រាក់ឧបត្ថម្ភរាជវង្សតាំងពីឆ្នាំ ២០១២។
ខ្ទង់ប្រាក់ឧបត្ថម្ភសម្រាប់រាជវង្សនេះត្រូវបានកំណត់ត្រឹមជាង ៨៦ លានផោន (ជិត ៩៩.៥ លានដុល្លារអាម៉េរិក) កាលពីឆ្នាំ ២០២១ និង ២០២២។ ខ្ទង់ប្រាក់នេះត្រូវបានប្រើប្រាស់សម្រាប់ការយាងបំពេញរាជកិច្ច ការថែទាំរាជសម្បត្តិ ដូចជារាជវាំង រាជដំណាក់ជាដើមរបស់មហាក្សត្រ។
ប្រាក់ចំណូលរបស់ មហាក្សត្រីអង់គ្លេស Elizabeth II មិនមែនត្រឹមតែមានប្រភពពីខ្ទង់ប្រាក់ឧបត្ថម្ភប្រចាំឆ្នាំនោះទេ តែក៏មានមួយភាគធំមកពីប្រាក់ចំណេញរបស់ក្រុមហ៊ុនរាជវង្សផងដែរ។
ក្រុមហ៊ុនរបស់រាជវង្សអង់គ្លេស គ្រប់គ្រងដោយសមាជិកជាន់ខ្ពស់របស់រាជវង្ស Windsor ដែលកន្លងមកដឹកនាំដោយ មហាក្សត្រីអង់គ្លេស Elizabeth II។ សមាជិកទាំងនេះដឹកនាំស្ថាប័នមួយដែលត្រូវបានចាត់ទុកថាជាក្រុមហ៊ុនសកល ដែលជួយបញ្ចេញប្រាក់រាប់រយលានដុល្លារទៅក្នុងខឿនសេដ្ឋកិច្ចរបស់ អង់គ្លេស ជារៀងរាល់ឆ្នាំ តាមរយៈព្រឹត្តិការណ៍ទូរទស្សន៍ និងទេសចរណ៍។
មហាក្សត្រីអង់គ្លេស Elizabeth II និងសមាជិករាជវង្ស ៧ អង្គទៀត គឺជាសមាជិករបស់ក្រុមហ៊ុន រួមមានព្រះអង្គម្ចាស់ Charles ដែលបច្ចុប្បន្នគឺជាមហាក្សត្រ Charles III និងមហេសី Camilla, រាជទាយាទ William និងមហេសី, ព្រះនាង Anne (Anne Elizabeth Alice Louise) រាជបុត្រីរបស់អតីតមហាក្សត្រីអង់គ្លេស Elizabeth II រួមនឹងព្រះអង្គម្ចាស់ Edward រាជបុត្រាពៅរបស់អតីតមហាក្សត្រីអង់គ្លេស Elizabeth II និង Sophie ដែលជាព្រះនាងរបស់តំបន់ Wessex។
ឆ្នាំ ២០២១ ទ្រព្យដែលក្រុមហ៊ុនរាជវង្សនេះកាន់កាប់ នោះគឺអចលនទ្រព្យតម្លៃ ២៨ ពាន់លានដុល្លារអាម៉េរិក ប៉ុន្តែ ទ្រព្យទាំងនេះ ក្នុងនោះមានទាំងរាជវាំងជាដើម មិនត្រូវបានអនុញ្ញាតឱ្យដាក់លក់ឡើយ។
រាជវង្សអង់គ្លេស មិនទទួលបានប្រាក់ចំណេញពីសកម្មភាពជំនួញរបស់ក្រុមហ៊ុនរាជវង្ស ប៉ុន្តែ ជំនួសមកវិញ ក្រុមហ៊ុននេះជំរុញសេដ្ឋកិច្ចអង់គ្លេសតាមរយៈ «បាតុភូតកេរ្តិ៍ឈ្មោះ» ពោលគឺ នៅពេលផលិតផលដែលមានបិទស្លាក «ធានាដោយរាជវង្ស» ត្រូវបានលក់ ផលិតផលនោះនឹងនាំមកនូវការរីកចម្រើនរបស់រាជវង្ស Windsor។ តែម «ធានាដោយរាជវង្ស» គឺជាសញ្ញាដើម្បីសម្គាល់មុខទំនិញដែលត្រូវបានផ្គត់ផ្គង់សម្រាប់រាជវង្ស ក្នុងបំណងបង្ហាញថា ផលិតផលនោះមានគុណភាពខ្ពស់។
ប្រភពចំណូលសម្រាប់ឧបត្ថម្ភដល់រាជវង្សានុវង្សក៏បានមកពី Crown Estate ដែលជាបណ្ដុំនៃអចលនទ្រព្យ និងទ្រព្យនៅ អង់គ្លេស របស់ អតីតមហាក្សត្រី Elizabeth II។ Crown Estate ត្រូវបានគ្រប់គ្រងដោយស្ថាប័នឯករាជ្យមួយ។ កាលពីខែមិថុនា ២០២២ Crown Estate បានប្រកាសបង្ហាញប្រាក់ចំណូល ៣១២.៧ លានដុល្លារសម្រាប់ឆ្នាំសារពើពន្ធ ២០២១-២០២២ ខ្ពស់ជាង ៤៣ លានដុល្លារ ធៀបនឹងឆ្នាំមុននោះ។
ក្រៅពីទ្រព្យដែល «មិនអាចដាក់លក់» ខាងលើ អតីតមហាក្សត្រី Elizabeth II ក៏នៅមានទ្រព្យឯកជនផ្ទាល់ព្រះអង្គប្រហែល ៥០០ លានដុល្លារអាម៉េរិក ទៀត ដែលភាគច្រើនបានមកពីខ្ទង់វិនិយោគ កម្រងវិចិត្រសិល្បៈនានា គ្រឿងសង្ហារិម និងអចលនទ្រព្យ ក្នុងនោះក៏មានរាជដំណាក់ Sandringham និងវិមាន Balmoral ជាដើម។ អតីតមហាក្សត្រី Elizabeth II ក៏បានទទួលរាជសម្បត្តិជិត ៧០ លានដុល្លារពីព្រះមាតា នៅពេលទ្រង់បានចូលទិវង្គតកាលពីឆ្នាំ ២០០២។
រាជសម្បត្តិឯកជនរបស់ អតីតមហាក្សត្រី Elizabeth II ភាគច្រើននឹងត្រូវបានមហាក្សត្រថ្មី Charles III ទទួលគ្រប់គ្រង។ ចំណែកអចលនទ្រព្យ និងខ្ទង់វិនិយោគដែលមានតម្លៃប្រមាណ ២៨ ពាន់លានដុល្លារទៀត នៅតែត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុនរាជវង្ស៕