Skip to content

បរិមាណ​អគ្គិសនី​ព្រះអាទិត្យ​របស់ សហភាព​អឺរ៉ុប កើនឡើង​ខ្ពស់​ខ្លាំង ក្នុងពេល​កំពុង​ជួប​វិបត្តិ​ថាមពល

សហភាព​អឺរ៉ុប (EU) ផលិត​អគ្គិសនី​ពី​កម្ដៅ​ព្រះអាទិត្យ​បាន​យ៉ាងច្រើន​នៅក្នុង​រដូវក្ដៅ​កន្លងទៅ ដែល​នេះ​ជួយ​ឱ្យ​ពួកគេ​សំច័យ​ប្រា​ក់បាន ២៩ ពាន់​លាន​អឺរ៉ូ ពី​ការ​នាំចូល​ឧស្ម័ន។ អាកាសធាតុ​ខ្លាំង បូករួម​នឹង​ការដំឡើង​ផ្ទាំង​សូ​ឡារ​មានការ​កើនឡើង​យ៉ាង​លឿន នាំឱ្យ​បរិមាណ​អគ្គិសនី​ព្រះអាទិត្យ​របស់​ទ្វីបអឺរ៉ុប​កើនឡើង​ខ្ពស់​ខ្លាំង ជួយ​ដោះស្រាយបាន​មួយផ្នែក​នូវ​តម្រូវការ​ថាមពល​ក្នុង​តំបន់​នេះ។

យោងតាម​របាយការណ៍​របស់​ក្រុមហ៊ុន​ប្រឹក្សា Ember (អង់គ្លេស) ក្នុង​បណ្ដា​ខែ​ដែលមាន​តម្រូវការ​ថាមពល​ខ្ពស់​នៅក្នុង​រដូវក្ដៅ (ចាប់ពី​ខែឧសភា ដល់​សីហា) បរិមាណ​អគ្គិសនី​ព្រះអាទិត្យ​នៅ EU សម្រេចបាន ៩៩.៤ តេ​រ៉ា​វ៉ា​ត់​ម៉ោង (TWh) កើន ២៨% ធៀប​នឹង ៧៧.៧ TWh កាលពី​រដូវក្ដៅ​ឆ្នាំ​កន្លង។

បរិមាណ​អគ្គិសនី​ដែល​ផលិត​ពី​កម្ដៅ​ព្រះអាទិត្យ​ក្នុង​បរិមាណ​អគ្គិសនី​សរុប​នៅ EU បាន​កើន ១២.២% ក្នុងដំណាក់កាល​ពី​ខែឧសភា ដល់​ខែសីហា​នេះ ធៀប​នឹង ៩.៤% ក្នុងដំណាក់កាល​ដូចគ្នា​កាលពី​ឆ្នាំ ២០២១ ដោយ​ខ្ពស់ជាង​បរិមាណ ១១.៧% របស់​អគ្គិសនី​ផលិត​ពី​កម្លាំង​ខ្យល់ និង​បរិមាណ ១១% របស់​វា​រី​អគ្គិសនី។ ចំណែក​បរិមាណ​របស់​អគ្គិសនី​ផលិត​ពី​ថាម​ពល​ធ្យូងថ្ម​គឺ ១៦.៥%។

កំណត់ត្រា​ស្ដីពី​បរិមាណ​អគ្គិសនី​​ដែល​ផលិត​ពី​​កម្ដៅ​ព្រះអាទិត្យ​ត្រូវបាន​បំបែក​នៅក្នុង​ប្រទេស​ចំនួន ១៨ ក្នុងចំណោម ២៧ នៃ​សមាជិក​របស់ EU នៅក្នុង​រដូវក្ដៅ​ចុងក្រោយ​នេះ ក្នុងនោះ ប្រទេស​ហូ​ឡង់​ជាប់​ចំណាត់ថ្នាក់​ខ្ពស់​ជាងគេ ដោយ​រួមចំណែក ២២.៧% ធៀប​នឹង​បរិមាណ​អគ្គិសនី​ព្រះអាទិត្យ​សរុប ខណៈដែល អាល្លឺម៉ង ជាប់​លេខ ២ (១៩.៣%) និង អេ​ស្ប៉ា​ញ ជាប់​លេខ ៣ (១៦.៧%)។

ក្រុមហ៊ុន​ប្រឹក្សា Ember បានឱ្យដឹងថា សមាជិក EU ដែលមាន​បរិមាណ​អគ្គិសនី​ព្រះអាទិត្យ​កើនឡើង​ខ្ពស់​ជាងគេ​រាប់​ចាប់ពី​ឆ្នាំ ២០១៨ គឺ ប៉ូឡូញ ដោយ​កើនឡើង ២៦ ដង បន្ទាប់មក​គឺ ហ្វាំ​ង​ឡង់ និង ហុង​គ្រី កើនឡើង ៥ ដង។

ក្រុមអ្នកវិភាគ​របស់ Ember បាន​គណនា​ឃើញថា EU នឹងត្រូវ​ទិញ​ឧស្ម័ន​បន្ថែម ២០ ពាន់​លាន​ម៉ែត្រគុប​នៅក្នុង​រដូវក្ដៅ​នេះ បើសិន​មិនមានអគ្គិសនី​ដែល​ផលិត​ពី​​ថា​ពលព្រះ​អាទិត្យ។ បរិមាណ​ឧស្ម័ន​នេះ​​គឺ​​ស្មើនឹងទឹក​ប្រាក់​ ២៩ ពាន់​លាន​អឺរ៉ូ បើយោង​ទៅតាម​តម្លៃ​ឧស្ម័ន​ប្រចាំថ្ងៃ ចាប់ពី​ខែឧសភា ដល់​សីហា ២០២២។

ទិន្នន័យ​ខាងលើ​បានបង្ហាញ​យ៉ាងច្បាស់​ថា ប្រភព​ថាមពល​កកើត​ឡើងវិញ​ពិត​ជាមាន​សារសំខាន់​នៅក្នុង​ការប្រឹងប្រែង​រប​ស់ អឺរ៉ុប ដើម្បី​កាត់បន្ថយ​ការពឹង​ផ្អែកទៅលើ​ឧស្ម័ន​ហ្វូ​ស៊ី​ល​ដែល​នាំចូល​ពី​តំបន់​ដទៃ និង​ដែល​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​នាពេលខាងមុខ៕

Leave a Reply

Your email address will not be published. Required fields are marked *