Skip to content

ទីក្រុង​ប៉ារីស ចាប់ផ្ដើម​យក​ថ្លៃ​ចត​ម៉ូតូ​ប្រើ​សាំង ដើម្បី​កាត់បន្ថយ​ការបំពុល​បរិស្ថាន

អាជ្ញាធរ​ទីក្រុង​ប៉ារីស ទើបតែ​បានចេញ​សម្រេច​មួយ​ដែល​តម្រូវឱ្យ​ម្ចាស់​ម៉ូតូ​ប្រើ​សាំង​នៅក្នុង​រដ្ឋធានី​របស់ បារាំង បង់ថ្លៃ​ចត ខណៈដែល​ម៉ូតូ​អគ្គិសនី​នៅតែ​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រើប្រាស់​ចំណត​ដោយ​មិន​គិតថ្លៃ។

ការយកថ្លៃ​ចត​ម៉ូតូ​ថ្មី​នេះ គឺ​អនុវត្ត​ទៅតាម​ការសន្យា​ដែល​បានធ្វើ​ឡើង​ក្នុងការ​ឃោសនាបោះឆ្នោតរ​បស់ អភិបាលក្រុង​ប៉ារីស លោកស្រី Anne Hidalgo ហើយ​បើតាម​គ្រោង បទបញ្ជា​នេះ​នឹង​ចាប់ផ្ដើម​អនុវត្ត​ពី​ខែមករា​ឆ្នាំនេះ។ ក៏ប៉ុន្តែ ការអនុវត្ត​បទបញ្ជា​ត្រូវបាន​ពន្យារពេល នៅពេល​លោកស្រី Anne Hidalgo ក្លាយជា​បេក្ខភាព​ប្រធានាធិបតី​បារាំង។

ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ អភិបាល​រដ្ឋធានី Hidalgo បានឱ្យ​សាងសង់​បណ្ដាញ​គន្លង​ផ្លូវ​ថ្មី​សម្រាប់​កង់ និង​ដំឡើងថ្លៃ​ចត​រថយន្ត ដើម្បី​ដឹកនាំ​ប្រជាជន​នៅ ប៉ារីស ងាក​ទៅរក​មធ្យោបាយ​ធ្វើដំណើរ​ដែល​ល្អ​សម្រាប់​បរិស្ថាន។ ក្រុម​តំណាងឱ្យ​អ្នកជិះ​កង់ និង​អ្នកដើរ​ដោយ​ថ្មើរជើង បាន​សម្ដែង​ការ​សាទរ​ចំពោះ​បទបញ្ជា​នេះ។

ទោះជា​យ៉ាងណាក៏ដោយ សមាគម​អ្នកជិះ​ម៉ូតូ និង​ក្រុមប្រឆាំង​នៅ ប៉ារីស បាន​ជំទាស់​យ៉ាងខ្លាំង​ក្លា​ចំពោះ​គោលនយោបាយ​ខាងលើ និង​បាន​ហៅ​វា​ថា​ជា​ប្រភេទ​ពន្ធ​ថ្មី ហើយ​ថា វា​នឹងមិន​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ឡើយ។

ចាប់ពី​ថ្ងៃទី ០១ កញ្ញា ថ្លៃ​ចត​ម៉ូតូ​នៅ​តំបន់​កណ្ដាល​ក្រុង​គឺ ៣ អឺរ៉ូ សម្រាប់​ការចត ១ ម៉ោង។ សម្រាប់​ការចត​នៅក្នុង​តំបន់​ជាយក្រុង​វិញ​គឺ​តម្រូវឱ្យ​បង់ថ្លៃ ២ អឺរ៉ូ សម្រាប់ ១ ម៉ោង។ ពលរដ្ឋ​ប៉ារីស ក៏​អាច​ទិញ​បណ្ណ​ចត​ម៉ូតូ​ប្រចាំឆ្នាំ​ក្នុងតម្លៃ ២២.៥០ អឺ​រ៉ូ/ឆ្នាំ ដើម្បី​សំច័យ​ប្រាក់៕

 

Leave a Reply

Your email address will not be published. Required fields are marked *