Skip to content

ព្រះអង្គម្ចាស់ Charles ក្លាយជា​មហាក្សត្រ​ថ្មី​របស់ ចក្រភព​អង់គ្លេស

ព្រះអង្គម្ចាស់ Charles ព្រះជន្ម ៧៣ ព្រះវស្សា រាជទាយាទ​អង់គ្លេស ក្លាយជា​មហាក្សត្រ Charles ទី ៣ របស់ ចក្រភព​អង់គ្លេស ក្រោយពី​ព្រះ​មាតា​របស់​ទ្រង់ គឺ​មហាក្សត្រី Elizabeth ទី ២ បាន​យាង​ចូល​ទិវង្គត។

Clarence House ដែលជា​រាជដំណាក់​របស់​ព្រះអង្គម្ចាស់ Charles កាលពី​ថ្ងៃទី ០៨ កញ្ញា បាន​បញ្ជាក់ថា ព្រះអង្គម្ចាស់ Charles នឹង​ក្លាយជា​មហាក្សត្រ Charles ទី ៣ ដែល​ផ្ទុយ​ពី​ពាក្យ​ចចាមអារ៉ាម​កន្លងមក​ដែលថា ព្រះអង្គ​នឹង​ប្រើប្រាស់​ព្រះរាជ​ឋានៈ​ផ្សេង។ ព្រះអង្គម្ចាស់ Charles នឹងត្រូវ​បានប្រកាស​ជា​ផ្លូវការ​ថា​ជា មហាក្សត្រ នៅក្នុង​វិមាន St James’s នា​​ទីក្រុង​ឡុង​ដ៍ នៅ​ពេល​ឆាប់ៗខាងមុខ។

ក្រោយ​ប្រកាស​របស់​រាជដំណាក់​ខាងលើ​ ព្រះអង្គម្ចាស់ Charles ក៏​បានចេញ​ប្រកាស​ស្ដីពី​ការយាង​ចូល​ទិវង្គត​របស់​មហាក្សត្រី Elizabeth ទី ២។

ព្រះអង្គម្ចាស់ Charles ទី ៣ ប្រសូត្រ​នៅ​ថ្ងៃទី ១៤ វិច្ឆិកា ១៩៤៨ នៅក្នុង​រាជវាំង Buckingham។ ព្រះអង្គ​គឺជា​រាជបុត្រា​ច្បង​របស់​មហាក្សត្រី Elizabeth ទី ២ ជាមួយនឹង​ព្រះអង្គម្ចាស់ Philip។ ឆ្នាំ ១៩៥២ នៅពេល​មហាក្សត្រី Elizabeth ទី ២ គ្រង​រាជ​បន្ត​ពី​ព្រះ​បី​តា ព្រះអង្គម្ចាស់ Charles ក៏បាន​ក្លាយជា​រាជទាយាទ​នៅពេល​មាន​ព្រះជន្ម​បាន ៣ វស្សា។

ព្រះអង្គម្ចាស់ Charles

កាលពី​ថ្ងៃទី ២៩ កក្កដា ១៩៨១ ព្រះអង្គម្ចាស់ Charles បាន​រៀប​អភិសេក​ជាមួយ​ព្រះ​នាង Diana Spencer។ ព្រះអង្គ​មាន​បុត្រា ២ អង្គ គឺ William ប្រសូត្រ​ឆ្នាំ ១៩៨២ និង Harry ប្រសូត្រ​ក្នុង​ឆ្នាំ ១៩៨៤។

ខែធ្នូ ១៩៩២ ព្រះអង្គម្ចាស់ Charles និង​ព្រះ​នាង Diana ប្រកាស​លែងលះ​ជាមួយ​គ្នា​ ហើយ​បាន​លែង​លះ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ ១៩៩៦។ មួយឆ្នាំ​ក្រោយមក ព្រះ​នាង Diana និង​មិត្ត​ប្រុស Dodi Fayed បាន​បាត់​ជីវិត​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​នៅ បារី​ស នៅពេល​ព្យាយាម​គេច​ពី​ក្រុម​អ្នកប្រមាញ់​រូបថត។

ឆ្នាំ ២០០៥ ព្រះអង្គម្ចាស់ Charles បាន​រៀប​អភិសេក​ជាមួយ Camilla Parker Bowles នៅ Windsor Guildhall។ តាម​ទម្លាប់ នៅពេល​រាជទាយាទ Charles ឡើង​គ្រង​រាជសម្បត្តិ Camilla នឹងត្រូវ​បានតែងតាំង​ជាអគ្គ​​មហេសី​ ដែលជា​ឋានៈ​ខ្ពស់​ជាងគេ​បង្អស់​សម្រាប់​មហេសី​ស្ដេច។ ប៉ុន្តែ ដោយសារ​រាជវង្ស​អង់គ្លេស មុន​នោះ នៅមាន​ការបារម្ភ​អំពី​ប្រតិកម្ម​របស់​សាធារណជន ទើប​មាន​ពាក្យ​ចចាមអារ៉ាម​ថា ព្រះ​នាង Camilla នឹង​ប្រើតែ​ឋានៈ​ជា​ស្នម​ឯក ឬ​មហេសី​ប៉ុណ្ណោះ មិនមែន​អគ្គមហេសី​ឡើយ។

ព្រះនាង Camilla Parker Bowles (ឆ្វេង)

កាលពីដើម​ឆ្នាំនេះ មហាក្សត្រី Elizabeth ធ្លាប់​មាន​បន្ទូល​ថា ​ចង់ឃើញបុត្រី​​សុណិសា (កូនប្រសា​ស្រី) Camilla របស់​ទ្រង់ ទទួលបាន​រាជ​ឋានៈ​ជា​អគ្គមហេសី នៅពេល​ព្រះអង្គម្ចាស់ Charles ឡើង​គ្រង​រាជសម្បត្តិ៕

Leave a Reply

Your email address will not be published. Required fields are marked *