រដូវបុណ្យប្រកួតប្រណាំងជាមួយសត្វខ្ទីងឆ្នាំនេះនៅ អេស្ប៉ាញ បានធ្វើឱ្យកក្រើកសាធារណមតិ នៅពេលមនុស្ស ១០ នាក់បានបាត់បង់ជីវិតដោយសារត្រូវសត្វនេះវ័ធ។
ការរត់ប្រណាំង ប្រជែងជាមួយនឹងសត្វខ្ទីងគឺជាពិធីបុណ្យប្រពៃណីនៅ អេស្ប៉ាញ សម្រាប់មនុស្សគ្រប់គ្នា និងត្រូវបានប្រារព្ធឡើងនៅក្នុងតំបន់ជាច្រើននៃប្រទេសនេះ។ ការប្រកួតនឹងសត្វខ្ទីងត្រូវបានចាត់ទុកថាជាពិធីសំខាន់បំផុតនៅក្នុងរដូវបុណ្យនារដូវក្ដៅនៅទូទាំងប្រទេស។
ក៏ប៉ុន្តែ បុណ្យប្រណាំងសត្វខ្ទីងដែលបានចាប់ផ្ដើមពីរដូវក្ដៅឆ្នាំនេះ កំពុងតែបង្កឱ្យមានភាពចម្រូងចម្រាសនៅក្នុងសង្គម ដោយសារតែមនុស្សយ៉ាងតិច ១០ ត្រូវបានសត្វខ្ទីងវ័ធរហូតដល់ស្លាប់។
ក្នុងពិធីបុណ្យប្រណាំងនឹងសត្វខ្ទីង គណៈកម្មការបុណ្យតែងតែលែងសត្វខ្ទីងមួយហ្វូងយ៉ាងតិច ៦ ក្បាល ឱ្យរត់លើដងផ្លូវមួយនៅក្នុងក្រុងដែលត្រូវបានរៀបចំរួចជាស្រេច។ ក្រុមអ្នកចូលរួមការប្រកួតនេះ នឹងរត់ពីមុខសត្វខ្ទីង និង «បញ្ឆេះកំហឹង» ដាក់ខ្ទីង ដើម្បីឱ្យវាដេញវ័ធពីក្រោយ ក្នុងបំណងបង្ហាញពី «ភាពក្លាហាន» របស់ពួកគេ។
មនុស្សជាច្រើនបាននាំគ្នាប្រឆាំងនឹងភាពគ្រោះថ្នាក់នៃពិធីបុណ្យនេះ បង្កឱ្យមានមតិចម្រូងចម្រាសគ្នានៅក្នុងសង្គម។ រាប់ចាប់ពីឆ្នាំ ២០១៥ មនុស្សប្រហែល ៣០ នាក់បានស្លាប់នៅក្នុងព្រឹត្តិការណ៍ប្រណាំងជាមួយសត្វខ្ទីងនៅទីក្រុង Valencia របស់ អេស្ប៉ាញ។
ការជជែកគ្នាជុំវិញបញ្ហានៃពិធីបុណ្យដ៏ពេញនិយមនេះ ត្រូវបានគេយកចិត្តទុកដាក់រហូតដល់ក្លាយជាកត្តាសំខាន់ដែលអាចកំណត់ការឈ្នះចាញ់នៅក្នុងការបោះឆ្នោតនៅ អេស្ប៉ាញ។ ប៉ុន្តែ German Zaragoza ដែលជាប្រធានសហព័ន្ធក្លឹបប្រណាំងសត្វខ្ទីង បានបញ្ជាក់ថា ទង្វើណាមួយដែលប្រឆាំងនឹងពិធីបុណ្យប្រពៃណីនេះ នឹងត្រូវរងប្រតិកម្មយ៉ាងខ្លាំងក្លា៕