ពពកដ៏ចម្លែក ទំនងជាបាញ់ចេញពីកំពូលភ្នំ Gibraltar នៅក្នុងវីដេអូមួយដែលត្រូវបានថត និងបង្ហោះដោយស្ថាប័នឧតុនិយម Gibraltar។
ស្ថាប័នឧតុនិយម Gibraltar បានចែករំលែកវីដេអូ time-lapse ដែលថតបានកាលពីថ្ងៃទី ២៤ សីហា ពីផ្លូវរត់ក្នុងព្រលានយន្តហោះអន្តរជាតិ Gibraltar នៅលើទំព័រ Twitter។ ក្នុងវីដេអូដែលត្រូវបានខាល់ល្បឿន ពពកសក្បុស ហាក់ដូចជាត្រូវបានបង្កើតឡើងពីស្រទាប់ឧស្ម័នស្ដើងព័ទ្ធជុំវិញកំពូលភ្នំ Gibraltar ដែលមានកម្ពស់ជាង ៤០០ ម៉ែត្រ ជាទីដែលមានហ្វូងស្វាព្រៃ Barbary ប្រមាណ ៣០០ ក្បាលកំពុងរស់នៅ។
ពពកចម្លែកនេះត្រូវបានហៅថា ពពក banner ជាប្រភេទពពកនៅលើកំពូលភ្នំ។ ពពក banner កើតឡើងនៅពេលមានខ្យល់កម្លាំងខ្លាំងបក់បោកទៅលើបរិយាកាសដែលមានកម្រិតសំណើមខ្ពស់នៅលើភ្នំ ធ្វើឱ្យបរិយាកាសនោះហោះទៅលើកំពូលភ្នំ។ នៅពេលឡើងទៅដល់កំពូលភ្នំ បរិយាកាសនោះក៏ចុះត្រជាក់ នាំឱ្យចំហាយទឹកប្រមូលផ្ដុំទៅជាពពកអណ្ដែតជុំវិញកំពូលភ្នំ ឬត្រូវខ្យល់បក់ឱ្យហោះដូចទិដ្ឋភាពក្នុងវីដេអូនេះ។
ភ្នំ Gibraltar ជាទីកន្លែងសមស្របដើម្បីឱ្យពពក banner កកើត ព្រោះថា តំបន់ភ្នំនេះតែងមានខ្យល់ Levant ជាប្រភេទខ្យល់ដែលបក់ទៅទិសខាងលិច តាមច្រកសមុទ្រ Gibraltar នៅសមុទ្រភាគខាងត្បូងនៃ ប្រទេសអេស្ប៉ាញ។ ដូច្នេះ អ្នកស្រុកក្នុងតំបន់នេះក៏ហៅពពក banner នេះថា «Levanter»។
Gibraltar គឺជាទឹកដីឯនាយសមុទ្ររបស់ ចក្រភពអង់គ្លេស មានទីតាំងស្ថិតនៅជាប់នឹង ប្រទេសអេស្ប៉ាញ នៅភាគនិរតី៕