កងទ័ពអាម៉េរិក ឱ្យដឹងថា បានបាញ់មីស៊ីលអន្តរទ្វីបកាលពីថ្ងៃទី ០៧ កញ្ញា និងបានជូនដំណឹងជាមុនដល់ រុស្ស៊ី អំពីការសាកល្បងនេះ។
«អង្គភាពវាយប្រហារទូទាំងពិភពលោកនៃទ័ពអាកាសអាម៉េរិក បានបាញ់មីស៊ីលអន្តរទ្វីប (ICBM) Minuteman III មិនបំពាក់អាវុធ ពីមូលដ្ឋាននៅ California» ទ័ពអាកាសអាម៉េរិក ប្រកាសដូច្នេះ។
នេះគឺជាលើកទីពីរក្នុងរយៈពេលមិនដល់មួយខែ ដែល សហរដ្ឋអាម៉េរិក បានសាកល្បង ICBM។ ទីក្រុងវ៉ាស៊ីងតោន បញ្ជាក់ថា បានជូនដំណឹងជាមុនដល់ រុស្ស៊ី អំពីករណីធ្វើតេស្តនេះ។ ការជូនដំណឹងជាមុននេះ ទំនងជាក្នុងបំណងទប់ស្កាត់ភាពតានតឹងរវាងប្រទេសទាំងពីរដែលកំពុងកើនឡើងស្រាប់។
ទ័ពអាកាសអាម៉េរិក សង្កត់ធ្ងន់ថា «ករណីសាកល្បងនេះមិនមែនជាលទ្ធផលកើតចេញពីព្រឹត្តិការណ៍នានានៅលើពិភពលោកនាបច្ចុប្បន្នឡើយ»។
ទ័ពអាកាសអាម៉េរិក កាលពីថ្ងៃទី ១៦ សីហា បានបាញ់សាកល្បងមីស៊ីលអន្តរទ្វីប Minuteman III ដោយជោគជ័យ ក្រោយការពន្យារពេលអស់ ២ សប្ដាហ៍ ដើម្បីបញ្ចៀសភាពតានតឹងទាក់ទងនឹងបញ្ហា អ៊ុយក្រែន និង កោះតៃវ៉ាន់។
Minuteman III ដែលជាមីស៊ីលអាចបំពាក់ក្បាលគ្រាប់នុយក្លេអែរ ផលិតដោយ Boeing គឺជាផ្នែកសំខាន់បំផុតនៅក្នុងឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់ សហរដ្ឋអាម៉េរិក។ មីស៊ីលនេះបាញ់បានរយៈចម្ងាយជាង ៩,៦០០ គីឡូម៉ែត្រ និងមានល្បឿនប្រមាណ ២៤,០០០ គីឡូម៉ែត្រ/ម៉ោង៕