ផ្កាយរណប Asgardia-1 របស់គម្រោងប្រទេសអវកាស Asgardia កំពុងតែបន្ទាបខ្លួន ហើយអាចធ្លាក់ចូលក្នុងបរិយាកាសផែនដី និងឆេះខ្ទេចនៅអំឡុងពាក់កណ្ដាលខែកញ្ញាខាងមុខ។
ប្រទេសអវកាសដំបូងរបស់មនុស្សជាតិ គឺ Asgardia កំពុងប្រឈមមុខនឹងហានិភ័យបាត់បង់ «ទឹកដី» តែមួយគត់នាបច្ចុប្បន្ន នៅទីអវកាស ដែលជាផ្កាយរណប Asgardia-1។ ទិន្នន័យតាមដានពីកងកម្លាំងអវកាសអាម៉េរិក និងប្រភពមួយចំនួនទៀតបានបង្ហាញថា «ទឹកដី Asgardia-1» របស់ប្រទេសអវកាស Asgardia ដែលស្ថិតនៅលើមេឃ នឹងធ្លាក់មកកាន់បរិយាកាសផែនដី ហើយឆេះខ្ទេចនៅពាក់កណ្ដាលខែកញ្ញា ២០២២។
បណ្ឌិត Igor Ashurbeyli អ្នកវិទ្យាសាស្ត្រជនជាតិរុស្ស៊ី គឺជាអ្នកស្នើឱ្យបង្កើត Asgardia ដែលជាប្រទេសអវកាសឯករាជ្យដំបូងគេនៅខែតុលា ២០១៦។ «ប្រទេស» នេះត្រូវបានដាក់ឈ្មោះទៅតាមតំបន់ដីនៅលើមេឃនៅក្នុងទេវកថាអឺរ៉ុបខាងជើង។ ពលរដ្ឋនានាអាចសុំចូលសញ្ជាតិ Asgardia ដោយមិនគិតថ្លៃ។
បេសកកម្មរបស់ Asgardia គឺនាំមកនូវសន្តិភាព ជួយឱ្យគ្រប់គ្នាអាចយល់ និងប្រើប្រាស់បច្ចេកវិទ្យាអវកាសបានងាយស្រួល និងការពារផែនដីពីការគំរាមកំហែងពីទីអវកាស។
ផ្កាយរណប Asgardia-1 ដែលត្រូវបានគេចាត់ទុកថាជាទឹកដីមួយផ្នែករបស់ប្រទេស Asgardia ត្រូវបានបាញ់បង្ហោះកាលពីឆ្នាំ ២០១៧។ ក្រៅពីជាអ្នកតំណាងឱ្យទឹកដីរបស់ Asgardia នៅក្រៅផែនដី ផ្កាយរណប Asgardia-1 ក៏នាំយកទៅជាមួយនូវច្បាប់ចម្លងនៃរដ្ឋធម្មនុញ្ញរបស់ Asgardia, ទង់ជាតិ Asgardia និងទិន្នន័យស្ដីពី «ពលរដ្ឋ» របស់ Asgardia រួមនឹងបេសកកម្មជាច្រើនផ្សេងទៀត។
តំណាងម្នាក់របស់ Asgardia បានឱ្យដឹងថា ពួកគេកំពុងពិនិត្យលើបញ្ហានេះ ប៉ុន្តែមិនបាននិយាយអ្វីបន្ថែម។ បច្ចុប្បន្នមិនទាន់ដឹងថា ការបាត់បង់ទឹកដី (ផ្កាយរណប Asgardia-1) នេះ នឹងជះឥទ្ធិពលដល់ទិសដៅក្លាយជាប្រទេសអវកាសឯករាជ្យ ឬយ៉ាងណានោះទេ។
បច្ចុប្បន្ន មិនទាន់មានប្រទេសណាមួយទទួលស្គាល់នាមជាប្រទេសរបស់ Asgardia នៅឡើយ។ ក៏ប៉ុន្តែអង្គការនេះនៅតែធ្វើសកម្មភាពតាមអនឡាញ និងមានគម្រោងបោះឆ្នោតជ្រើសរើសតំណែង «មេដឹកនាំប្រទេស» នៅថ្ងៃទី ០៩ កញ្ញាខាងមុខ៕