យ៉ាងហោចណាស់មានមនុស្ស ៤៦ នាក់ បានបាត់បង់ជីវិត ខណៈដែលមនុស្សរាប់សិបនាក់រងរបួស និង ១៦ នាក់បាត់ខ្លួន នៅក្នុងហេតុការណ៍រញ្ជួយដីមួយដ៏ធំនៅក្នុងខេត្ត Sichuan ភាគនិរតីនៃ ប្រទេសចិន។
ទូរទស្សន៍ CCTV របស់ ចិន កាលពីម្សិលមិញ បានរាយការណ៍ថា គ្រោះរញ្ជួយដីមួយដែលមានកម្លាំង ៦.៦ រិចទ័រ បានធ្វើឱ្យកក្រើកទីក្រុង Kangding ជាទីដែលមានប្រជាជនប្រមាណ ១ សែននាក់កំពុងរស់នៅ រួមនឹងទីប្រជុំជនជាច្រើនផ្សេងទៀតនៅក្នុងខេត្ត Sichuan។ មនុស្សជាង ១ លាននាក់នៅក្នុងតំបន់រញ្ជួយដី បានឆ្លងកាត់ភាពញាប់ញ័ររបស់ធរណី។
CCTV បានផ្សាយថា មនុស្ស ១៧ នាក់បានស្លាប់នៅក្នុងទីក្រុង Yaan, ២៩ នាក់ស្លាប់នៅក្នុងតំបន់ស្វយ័តទីបេ Garze នៅក្បែរនោះ។ «១៦ នាក់ផ្សេងទៀតបានបាត់ខ្លួន និង ៥០ នាក់រងរបួស» នេះបើតាម CCTV។
អាជ្ញាធរចិន បានចាប់ផ្ដើមការងារបន្ទាន់កម្រិត ៣ និងបញ្ជូនបុគ្គលិកសង្គ្រោះទៅកាន់កន្លែងកើតហេតុ។ ទូរទស្សន៍ CGTN ផ្សាយថា បុគ្គលិកសង្គ្រោះកំពុងជួយរៀបចំផ្លូវទាំងឡាយដែលត្រូវរាំងស្ទះដោយសារបំណាក់ដី។
ការិយាល័យគ្រោះរញ្ជួយដី Sichuan បានប្រកាសថា ទាហានជាង ១,០០០ នាក់ ត្រូវបានបញ្ជូនទៅជួយដល់បុគ្គលិកសង្គ្រោះ។ អាជ្ញាធរក៏បានដឹកតង់ កន្ទេល ផួយ មុងរាប់ពាន់ឈុតទៅកាន់តំបន់ដែលបានរងគ្រោះ៕